រដ្ឋាភិបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំ ២០១៨ ដោយចាប់ពីឆ្នាំ២០១៣ រហូតដល់ ២០១៨ ខេត្តព្រះសីហនុទទួលបានជោគជ័យក្នុងការវិភាគកំណើនសេដ្ឋកិច្ច និងចំណូលសម្រាប់មនុស្សម្នាក់ៗ។ កិច្ចប្រជុំនេះត្រូវបានរៀបចំ ឡើងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម វ៉ា សុផល អណុរដ្ឋលេខាធិការក្រសួងផែនការ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមាន ការចូលរួមពីមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
ជាមួយគ្នានេះតាមការវិភាគបានបង្ហាញឲ្យឃើញថា ការអភិវឌ្ឍរបស់ខេត្តមានការរីកចម្រើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយរក្សាបាននូវលំនឹងនៃកំណើនសេដ្ឋកិច្ច និងចំណូលសម្រាប់មនុស្សម្នាក់ៗមានការកើនឡើងជាលំដាប់ ធ្វើឲ្យអត្រាភាពក្រីក្រមានការថយចុះជារៀងរាល់ឆ្នាំ។ ជាក់ស្ដែងការកើនឡើងសេដ្ឋកិច្ច ប្រាក់ចំណូល ប្រជាពលរដ្ឋ និងការថយចុះនៃភាពក្រីក្រនេះ គឺដោយសារខេត្តមានសក្តានុពលជាច្រើន សម្រាប់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សដូចជា វិស័យកសិកម្ម វិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវអាកាស វិស័យឧស្សាហកម្ម និងសិប្បកម្ម និងវិស័យទេសចរណ៍។

គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ ជាខេត្តមួយ ដែលមានសក្តានុពលសម្រាប់វិស័យជាច្រើនដូចជា សេវាកម្ម ឧស្សាហកម្ម ទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ ហើយមានវិស័យ៣សំខាន់ដូចជា វិស័យ កសិកម្ម ១៩.៩% ឧស្សាហកម្ម ៥០% និងសេវាកម្ម ៣០.២% ដែលជាភស្តុតាងបង្ហាញថា ខេត្តព្រះសីហនុមានសក្តានុពលអាចជំរុញវិស័យកសិកម្មកាន់តែខ្លាំងបន្ថែម ទៀតនៅពេលខាងមុខ។ បន្ថែមពីនេះដោយសាររក្សាបាននូវកំណើនសេដ្ឋកិច្ច ៧% ជាប់គ្នាជាច្រើនឆ្នាំ ADB បានវាយតម្លៃថា ប្រទេសកម្ពុជាជាខ្លាអាស៊ីថ្មីដែលមានវិស័យមួយចំនួនដូចជា វិស័យសំណង់ កាត់ដេរសម្លៀក បំពាក់ វិស័យទេសចរណ៍ និងវិស័យកសិកម្ម។ ខណៈដែលរាជរដ្ឋាភិបាលបានផ្តល់អាទិភាពលើ វិស័យអប់រំ សុខាភិបាល ដំឡើងប្រាក់បៀវត្យរ៍ជូនមន្ត្រីរាជការ និងប្រាក់ខែគោលជូនកម្មករ ជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ៕

អត្ថបទ៖ លីនី


