ក្មេងអាយុ ៥ ឆ្នាំម្នាក់អាចទាញមិត្តខ្លួនដែលមានអាយុដល់ទៅ ១០ ឆ្នាំហើយថែមទាំងធាត់ចេញពីរណ្ដៅបាន តែមិនមាននរណាម្នាក់ជឿគេនោះទេ រហូតរឿងមួយត្រូវបានលាតត្រដាង ម្នាក់ៗស្ងាត់មាត់ជ្រៀប
គំនិតអប់រំ December 6, 2019 Chan Sreyny

អប់រំ៖ នៅក្នុងភូមិតូចមួយមានក្មេងប្រុសពីរនាក់ដែលជាមិត្តសំលាញ់នឹងគ្នា ពួកគេមានឈ្មោះថា មីនទូ អាយុ ៥ ឆ្នាំ និងម្នាក់ទៀតឈ្មោះ ស៊ីនូ អាយុ ១០ ឆ្នាំ​។ ពួកគេទាំងពីរជាមិត្តជិតស្និតនិងគ្នា ដូចជាបងប្អូនបង្កើតមិនថា​ពេលញ៉ាំ​ ពេលគេង ឬ ពេលលេងនោះទេពួកគេតែងតែធ្វើជាមួយគ្នា។ មីនទូមានមាឌតូច តែមានប្រាជ្ញាឈ្លាសវៃ ជាងស៊ីនូដែលមានមាឌធំ តែគេក៏រឹងមាំដែរ។

នៅថ្ងៃមួយពួកគេបានលេងបិទពួនជាមួយអ្នកនៅក្នុងភូមិ ហើយក៏បានរត់ចូលព្រៃក្បែរភូមិដើម្បីពួនទាំងពីរនាក់ នៅពេលរត់ចូលកាន់តែជ្រៅទៅៗស៊ីនូ ដែលមានអាយុ ១០ ឆ្នាំ នឹងមានមាឌធំបានរអិលជើងធ្លាក់ចូលទៅក្នុងរណ្ដៅ។ បន្ទាប់ពីធ្លាក់ចូលក្នុងណ្ដៅដ៏ជ្រៅមួយ ស៊ីនូចាប់ផ្ដើមយំដោយសារការភិតភ័យ ហើយបានស្រែកសុំជំនួយ។ ខណៈនោះមីនទូ បានឮសម្រែកសុំជំនួយរបស់មិត្តខ្លួនក៏ប្រញាប់ប្រញាល់រត់ទៅរក​ ដោយកាន់វល្លិយ៉ាងវែងមួយហើយបានបើចូលរណ្ដៅទៅឲ្យស៊ីនូតោង និងព្យាយាមទាញស៊ីនូឡើង។

ទោះបីជាក្មេងប្រុសអាយុ ៥ឆ្នាំ មានមាឌតូចជាង និងអាយុតិចជាង ស៊ីនូដែលជាប់ក្នុងរណ្ដៅក៏ដោយ ក៏គេនៅតែបន្តទាញវល្លិហើយខំប្រឹងជាមួយគ្នាដើម្បីទាញស៊ីនូចេញពីរណ្ដៅ។ អស់រយៈពេល ៣ ម៉ោងក្រោយមកក្មេងប្រុសមាឌតូចអាចទាញមិត្តរបស់គេចេញពីរណ្ដៅបាន ហើយក៏បាននាំគ្នារត់ត្រលប់ទៅភូមិវិញ។ ក្នុងពេលនោះឪពុកម្ដាយរបស់ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយចាប់ផ្ដើមស្វែងរកពួកគេនៅជុំវិញភូមិ បន្ទាប់មកក៏ចូលទៅក្នុងព្រៃហើយក៏បានជួបក្មេងប្រុសទាំងពីរដែលបានរត់ត្រលប់ចូលភូមិវិញ។

ឪពុកម្ដាយមានអារម្មណ៍ធូរស្បើយ និងបានអោបពួកគេបន្ទាប់មកអ្នកភូមិទាំងអស់បានសួរពួកគេថាតើពួកគេនៅឯណានៅពេលនោះ។ ពួកគេទាំងពីរបានរៀបរាប់ប្រាប់រឿងរ៉ាវទាំងអស់​ដែលបានកើតឡើង ប៉ុន្តែមិនមាននរណាម្នាក់ជឿសំដីពួកគេនោះទេ ពេលនោះអ្នកភូមិម្នាក់ក៏បានសួរមីទូថា៖ « តើឯងទាញមនុស្សដែលមានទំហំ និងទម្ងន់ធ្ងន់ជាងឯងដោយរបៀបណា? » មីនទូ ក៏បានឆ្លើយថា៖ « ទាញដោយប្រើវល្លិ » ប៉ុន្តែមិនមាននរណាម្នាក់ជឿពួកគេនោះទេ ហើយបានស្ដីបន្ទោសថាពួកគេកំពុងកុហក និងព្យាយាមឲ្យពួគគេនិយាយការពិត។

ខណៈនោះក៏មានតាចាស់ម្នាក់ដែលបានឃើញហេតុការណ៍ក្នុងព្រៃទាំងអស់ដើរចូលមកក្នុងហ្វូងមនុស្ស ហើយអះអាងថាសម្ដីក្មេងទាំងពីរសុទ្ធតែជាការពិត។ ពេលនោះអ្នកភូមិម្នាក់ទៀតបានសួរថា៖ «តើវាអាចទៅរួចដោយរបៀបណា ដែលក្មេងអាយុ ៥ ឆ្នាំអាចទាញក្មេងអាយុ ១០ ឆ្នាំចេញពីរណ្ដៅបាន?» ។ តាចាស់ក៏បានឆ្លើយថា៖ « មីនទូអាចទាញមិត្តរបស់គេចេញពីរណ្ដៅបាន ព្រោះគ្មាននរណាម្នាក់នៅទីនោះនិយាយថាគេមិនអាចធ្វើបាន សូម្បីតែបេះដូងរបស់គេ »។ បានស្ដាប់សម្ដីទាំងនេះអ្នកភូមិទាំងអស់មានអារម្មណ៍ថាខ្មាស់អៀន ក៏បាននាំគ្នាចាកចេញទៅ។

តម្លៃអប់រំ៖ ទី១. ជំនឿលើខ្លួនឯង៖ គ្មានអ្វីដែលអ្នកមិនអាចធ្វើដោយខ្លួនឯងបានទេ នៅក្នុងពិភពលោករនេះអ្វីៗក៏អាចធ្វើទៅបានដែរ ប្រសិនបើអ្នកមានការប្ដេជ្ញាខ្លាំងក្លា។ កុំមានអារម្មណ៍ថាអ្នកមិនមានសមត្ថភាពធ្វើអ្វីៗបាន ព្រោះអ្នកមិនដែលដឹងថាអ្នកអាចធ្វើបាននោះទេ។
ទី២. កុំស្ដាប់មនុស្សដែលបំបាក់ទឹកចិត្តអ្នក ព្រោះពួកគេនឹងរក្សាភាពស្ងៀមស្ងាត់ និងខ្មាស់អៀននៅពេលដែលអ្នកសម្រេចបានគោលដៅរបស់អ្នក។ ដូច្នេះចូររឹងមាំហើយបោះជំហានឆ្ពោះទៅរកភាពជោគជ័យរបស់អ្នក៕

អត្ថបទ៖ លីនី