ក្រុមហ៊ុន Big C Supercenter គ្រោងចាយលុយជាង ៦ ពាន់លានបាត ដើម្បីពង្រីកខ្លួនទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក
អាជីវកម្ម December 5, 2019 Chan Sreyny

ក្រុមហ៊ុន Big C Supercenter គ្រោងនឹងចំណាយថវិកាចំនួន ៦.៥ ពាន់លានបាតនៅឆ្នាំក្រោយសម្រាប់ការពង្រីកវិសាលភាពទីផ្សាររបស់ខ្លួនទាំងក្នុងស្រុក និងក្រៅស្រុក។ យោងតាមសម្ដីរបស់នាយកប្រតិបត្តិក្រុមហ៊ុនមួយនេះបានឲ្យដឹងថាថវិកាចំនួន ៦ ពាន់លានបាតនៃចំនួនសរុបគឺ ប្រើប្រាស់សម្រាប់ទីផ្សារក្នុងស្រុក ដោយ ៥០០ លានបាតត្រូវបានបម្រុងទុកសម្រាប់ការពង្រីកទីផ្សារអន្តរជាតិ។

ក្នុងចំណោមទឹកប្រាក់ ៦ ពាន់លានបាតសម្រាប់ទីផ្សារក្នុងស្រុក ទឹកប្រាក់ ៥.៥ ពាន់លានបាតនឹងត្រូវប្រើប្រាស់ក្នុងការបើកផ្សារទំនើបខ្នាតធំថ្មី ៧ ទៅ ៧ សាខា និងហាងលក់រាយតូចៗ (Mini Big C) ចំនួន ៣០០ ទៅ ៤០០ កន្លែងនៅឆ្នាំក្រោយ។ ហើយថវិកាប្រមាណ ៥០០ លានបាតនឹងត្រូវប្រើសម្រាប់កន្លែងព័ត៌មានវិទ្យា។ គួរបញ្ចាក់ផងដែរថានៅក្នុងឆ្នាំនេះ Big C ប្រតិបត្តិការផ្សារទំនើបខ្នាតធំ ១៥៣ ទីតាំង ផ្សារបែបប្រពៃណី ៦៣​ ទីតាំង និងហាងលក់រាយ (Mini Big C) ១០១៨ ដោយចំណូលដែលទទួលបានការលក់ក្នុងឆ្នាំ ២០១៨ មានចំនួន ១៤០ ពាន់លានបាត ហើយរំពឹងថានឹងកើនឡើង ៥% នៅឆ្នាំនេះ។

បន្ថែមពីនេះនៅឆ្នាំក្រោយក្រុមហ៊ុននឹងបើកផ្សារទំនើប Big C ១ និងហាង Mini Mini C ចំនួន ២០ នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ និងយកចិត្តទុកដាក់បន្ថែមទៀតដើម្បីពង្រីកអាជីវកម្មលក់រាយនៅក្នុងប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដែលជាប្រទេសមានសេដ្ឋកិច្ចរឹងមាំ។ ដោយកាលពីម្សិលមិញនេះក្រុមហ៊ុនបានបើកការសម្ពោធផ្សារទំនើប Big C នៅប៉ោយប៉ែតជាផ្លូវការ នៅលើផ្ទៃដីជាង ២ ហិកតា ដោយរំពឹងថាការលក់ក្នុងឆ្នាំដំបូងនឹងបាន ២៥០ លានបាត ហើយនឹងមានកំណើនប្រចាំឆ្នាំជាមធ្យម ៥% ទៅ ៦% នាពេលអនាគត៕

អត្ថបទ៖ លីនី