អ្នកដាំដំណាំនេះត្រៀមខ្លួន! ចិនគ្រោងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្មតំបន់ត្រូពិចកម្ពុជា-ចិន ផ្ដោតលើការដាំដុះ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ
សេដ្ឋកិច្ច December 5, 2019 Chan Sreyny

ចិនចង់បង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្មតំបន់ត្រូពិចកម្ពុជា-ចិន នៅកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកវិទ្យាទំនើប លើការដាំដុះ ប្រមូលផល ផលិតពូជ វិធានការការពារជំងឺ សត្វល្អិត និងកែច្នៃដំណាំ ពិសេសផ្តោតសំខាន់ទៅលើការនាំ ចេញដំណាំដូងពីកម្ពុជា។ ដោយយល់ឃើញថាប្រទេសថៃបានធ្វើការនាំចេញផ្លែដូងទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ លោក Wang Yeqiao នាយកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន Hainan State Farms Holding Group Co., Ltd មកពីខេត្តហាយណាន ចង់ប្រែក្លាយកម្ពុជា ក៏ដូចជាលើកស្ទួយដំណាំមួយនេះលើឆាកអន្តរជាតិកាន់តែច្រើនឡើងតាមរយៈផលិតផលកសិកម្មតំបន់ត្រូពិច។

ជាមួយគ្នានេះលោកបានបន្តថា កម្ពុជាមានលក្ខណៈភូមិសាស្រ្ត ទឹក ដី និងបរិស្ថានមិនខុសពីប្រទេសថៃ ហើយបច្ចុប្បន្នផ្លែដូងគឺមានសក្តានុពលនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគត ខណៈដែលកម្ពុជាមានផលិតផលនេះនៅក្នុងដៃ គ្រាន់តែនៅមិនទាន់បានឲ្យតម្លៃទៅលើការអនុវត្ត បច្ចេកទេសដាំដុះ ប្រមូលផល វេចខ្ចប់ ចងក្រងកម្លាំងផលិត និងនាំចេញតែប៉ុណ្ណោះ។ ហេតុផលនេះខេត្តហាយណានដែលជាខេត្តមានសក្តានុពលលើដំណាំនេះចង់មក រកដៃគូ វិនិយោគដំណាំដូងនៅកម្ពុជាដើម្បីនាំចេញទៅកាន់ទីផ្សារចិន។

យ៉ាងណាមិញរដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងការស្វាគមន៍ និងគាំទ្រ ចំពោះឆន្ទ:បង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្មដំណាំត្រូពិចកម្ពុជា-ចិន និងការវិនិយោគ លើដំណាំដូងនៅកម្ពុជារបស់ខេត្តហាយណាន ដោយរាជរដ្ឋាភិបាលនឹងផ្តល់កិច្ចសហការពេញលេញ ដើម្បីជួយសម្រួលដល់ការវិនិយោគ ធ្វើយ៉ាងណាឱ្យគម្រោងកិច្ចសហប្រតិបត្តិការនេះសម្រេចទទួលបានជោគជ័យ៕

ប្រភព៖ ក្រសួងព័ត៌មាន
អត្ថបទ៖ លីនី