ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ២,៤០៥,០០០,០០០ យ៉េន ស្មើនឹងប្រមាណ ២២ លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោង «ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់» ។
តាមរយៈការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ ប្រទេសជប៉ុននឹងជួយសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងជួយរៀបចំប្រព័ន្ធចែកចាយទឹកជាដើមក្នុងខេត្តពោធិ៍សាត់ ខណៈដែលក្រសួងឧស្សាហកម្ម និងសិប្បកម្មបានកំណត់គោលដៅអត្រាផ្គត់ផ្គង់ទឹកស្អាតឲ្យបាន ១០០% នៅគ្រប់តំបន់ទូទាំងប្រទេសកម្ពុជានៅឆ្នាំ ២០២៥។ បន្ថែមពីនេះគម្រោងនេះនឹងជួយឲ្យអត្រាផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តពោធិ៍សាត់នឹងមានការកើនឡើង និងអត្រាផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុងផ្សេងៗទៀតនឹងមានការអភិវឌ្ឍកាន់តែខ្លាំង។

ជាមួយគ្នានេះដែរក្រៅពីការគម្រោងនេះ ប្រទេសជប៉ុនក៏មានបំណងជួយប្រទេសកម្ពុជាដើម្បីដោះស្រាយបញ្ហាធំៗដែលកំពុងប្រឈម និងដើម្បីជួយលើកកម្ពស់ជីវភាពប្រជាជនដូចជា ប្រព័ន្ធទឹកកខ្វក់ បញ្ហាសំរាម និងការកកស្ទះចរាចរណ៍ជាដើម។ ដោយប្រទេសជប៉ុនសង្ឃឹមយ៉ាងមុតមាំថានឹងអាចជួយដោះស្រាយបញ្ហាទាំងនេះបាន ដោយប្រើប្រាស់គម្រោងកិច្ចសហប្រតិបត្តិការផ្សេងៗគ្នា។ គួរបញ្ជាក់ផងដែរថាការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ គឺបង្ហាញពីការប្ដេជ្ញាចិត្តរបស់ប្រទេសជប៉ុនក្នុងការចូលរួមចំណែកនៅបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យទឹកស្អាត៕

អត្ថបទ៖ លីនី


