យោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲបង្ហាញថាចំនួនគ្រោះថ្នាក់ចរាចរណ៍រយៈពេល ១០ខែ ក្នុងឆ្នាំ ២០១៩ នេះ មានការកើនឡើងចំនួន ៧៦១លើក ស្មើនឹង ២៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ របាយការណ៍នេះត្រូវបានលើកឡើងដោយកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ខែ ឆ្នាំ២០១៩ ដោយមានការចូលរួមពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មធិការបានឲ្យដឹងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ទិសដៅបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាពចរារចណ៍ផ្លូវគោក គឺបន្តយុទ្ធនាការចែកមួក បំពាក់ផ្លាកសញ្ញា បិទចំណាំងផ្លាត ជួសជុលនិងថែទាំផ្លូវ និងសកម្មភាព ព្រមទាំងយុទ្ធនាការផ្សេងៗទៀត។ លើសពីនេះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា វិធានការមួយចំនួន ដូចជា៖ ការដាក់កាមេរ៉ាតាមផ្លូវដើម្បីចាប់រថយន្តដែលបើកបរលើសល្បឿនកំណត់ និងរំលោភច្បាប់ចរាចរណ៍ (នឹងត្រូវពិន័យដល់ផ្ទះ ព្រមទាំងផ្សព្វផ្សាយតាមហ្វេសប៊ុកដើម្បីបង្ហាញពីឥរិយាបថអាក្រក់ក្នុងការបើកបរ) ការល្បាតឆ្មក់ពេលយប់នៅតាមផ្លូវ ការដាក់ជញ្ជីងលើដងផ្លូវមុខរោងចក្រផលិតស៊ីម៉ងត៍់ (ជាពិសេសរោងចក្រស៊ីម៉ងត៍់ក្នុងខេត្តបាត់ដំបង) ការបិទយានដ្ឋានខុសច្បាប់ឱ្យអស់នៅដំណាច់ឆ្នាំនេះ នឹងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។

ជាមួយគ្នានោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយអនុវត្តច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន យករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ និងទៀងទាត់ ជាពិសេស សូមកុំខ្លាចប៉ូលិស ត្រូវខ្លាចច្បាប់ និងខ្លាចសេចក្ដីស្លាប់ខ្លួនឯង ទើបមិនមានគ្រោះថ្នាក់កើតឡើង។ ជាពិសេសដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការសម្រេចបាននូវគោលដៅទសវត្សរ៍របស់អង្គការសហប្រជាតិស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការកាត់បន្ថយអត្រានៃការរងរបួសធ្ងន់ធ្ងរឲ្យបាន៥០% ត្រឹមឆ្នាំ២០២០ផងដែរ៕

អត្ថបទ៖ លីនី


