ត្រាប់តាមស្ថាបនិកក្រុមហ៊ុនធំៗ បោះបង់ការសិក្សានៅ Harvard ចេញរកស៊ី ឥឡូវក្លាយជាម្ចាស់ក្រុមហ៊ុនតម្លៃពាន់លានដុល្លារ ប្រជែងនឹងក្រុមហ៊ុន Amazon
អាជីវកម្ម December 4, 2019 Chan Sreyny

នៅពេលនិយាយដល់សាកលវិទ្យាល័យ Harvard មិនមានមនុស្សច្រើននោះទេដែលមានឱកាសសិក្សានៅទីនោះ ប៉ុន្តែចម្លែកត្រង់ថាមហាសេដ្ឋីបច្ចុប្បន្ន និងអ្នកជំនួញល្បីៗជាច្រើនដែលអាចរកប្រាក់បានរាប់រយលានដុល្លារក្នុងដៃ សុទ្ធតែបោះបង់ការសិក្សានៅ Harvard ចាប់ផ្ដើមធ្វើអ្វីដែលខ្លួនស្រលាញ់។ ជាក់ស្ដែងស្ថាបនិកក្រុមហ៊ុនធំៗ មួយចំនួនដូចជា Mark Zuckerberg ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក និងលោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft ជាដើម។

ជាមួយគ្នានេះលោក Bom Kim ក៏ដូចគ្នាទៅនឹងបុគ្គលជោគជ័យទាំងនោះដែរ ដោយបានចាកចេញពីសាកលវិទ្យាល័យ Harvard បន្ទាប់ពីបានចូលរៀនពីជំនាញអាជីវកម្មត្រឹមរយៈពេល ៦ ខែ ហើយចាប់ផ្ដើមបង្កើតអាជីវកម្មដោយខ្លួនឯង។ ឥឡូវនេះមិនដល់មួយទសវត្សផងលោកក្លាយជាមហាសេដ្ឋីដែលនៅពីក្រោយអាជីវកម្មដែលមានការចាប់ផ្ដើមដ៏មានតម្លៃបំផុតរបស់កូរ៉េខាងត្បូង។ លោក Bom Kim គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Coupang ដែលជាក្រុមហ៊ុន​យក្សអេឡិចត្រូនិចដែលមានទឹកប្រាក់ចំនួន ៩ ពាន់លានដុល្លារដែលត្រូវបានគេដាក់ឈ្មោះឲ្យថា Amazon របស់កូរ៉េខាងត្បូង។

ស្ថាបនិកវ័យ ៤០ ឆ្នាំរូបនេះបានចាប់ផ្ដើមធ្វើអាជីវកម្មនៅទីក្រុងសេអ៊ូលក្នុងឆ្នាំ ២០១០ ដោយសារគាត់មើលឃើញពីឱកាសរីកចម្រើនខាងបច្ចេកវិទ្យាដែលអាចឲ្យគាត់ទាញប្រយោជន៍បានច្រើន។ សព្វថ្ងៃក្រុមហ៊ុនមួយនេះមានអ្នកប្រើប្រាស់ជិតពាក់កណ្ដាលនៃទំហំប្រជាជនរបស់ប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដីស្ថាបនិករូបនេះ មិនបានកំណត់ថាគាត់នឹងដើរតាម ឬ នឹងក្លាយជា Jeff Bezos នាយកប្រតិបត្តក្រុមហ៊ុន Amazon បន្ទាប់នោះទេ។

តាមពិតទៅក្រុមហ៊ុន Coupang បានចាប់ផ្ដើមបង្កើតឡើងនៅចុងឆ្នាំ ២០០០ ជាអាជីវកម្មដែលមានលក្ខណៈដូចទៅនឹង Groupon ជាទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទូទាំងពិភពលោករបស់អាមេរិក។ ក្រោយមកបានផ្លាស់ប្តូរទៅរកទីផ្សារភាគីទីបីដែលបំផុសគំនិតដោយ eBay។ បន្ទាប់ពីបើកដំណើរការអាជីវកម្មទទួលបានជោគជ័យយ៉ាងខ្លាំង ដោយក្នុងរយៈពេល ៣ ឆ្នាំក្រុមហ៊ុនអាចរកចំណូលបាន ១ ពាន់ដុល្លារពីការលក់ និងក្លាយជាក្រុមហ៊ុនផ្តល់សេវាជូនជាសាធារណៈលើកដំបូង។ ប៉ុន្តែដោយសារមានបញ្ហារាំងស្ទះមួយចំនួន រួមផ្សំនឹងខ្វះបទពិសោធន៍ ក៏ទទួលបរាជ័យ។

ទោះបីជាយ៉ាងណាលោក Bom Kim បានសម្រចចិត្តចាប់ផ្ដើមឡើងវិញ ដោយលើកនេះបានធ្វើឲ្យក្រុមហ៊ុន Coupang មានភាពប្រសើរឡើងដែលជាវេទិកាទិញទំនិញ និងសេវកម្មដឹកជញ្ជូន ក្នុងគោលបំណងធ្វើឲ្យអតិថិជនពេញចិត្ត និងកែលំអប្រព័ន្ធប្រៃសណីយ៍របស់ប្រទេសកូរ៉េខាងត្បូង។ សព្វថ្ងៃនេះអ្នកបើកបរជាង ៥.០០០ នាក់ដែលមានឈ្មោះថា Coupangmen ផ្តល់នូវការបញ្ជាទិញ ៩៩.៣% ក្នុងរយៈពេលតិចជាង ២៤ ម៉ោង។ ជាមួយគ្នានេះសេវាកម្មចែកចាយថ្មីរបស់ក្រុមហ៊ុននឹងពីសេសជាងក្រុមហ៊ុន Amazon Prime ដោយផ្តល់ជូនការដឹកជញ្ជូន ៧ ម៉ោងសម្រាប់ការបញ្ជាទិញដែលធ្វើឡើងមុនពាក់កណ្តាលអធ្រាត្រមុនមួយយប់។

គិតត្រឹមខែវិច្ឆិកាឆ្នាំ ២០១៨ ក្រុមហ៊ុន Coupang បានទទួលទឹកប្រាក់សរុបចំនួន ៣,៦ ពាន់លានដុល្លារពីដៃគូសំខាន់ៗរួមមាន Softbank, Sequoia Capital និង BlackRock ។ ហើយយោងតាមទស្សនាវដ្តី Forbes បានប៉ាន់ស្មានថាក្រុមហ៊ុននេះតម្លៃប្រមាណ ៩ ពាន់លានដុល្លារ ដែលធ្វើឲ្យវាក្លាយជាការអាជីវកម្មដែលចាប់ផ្តើមដ៏មានតម្លៃបំផុតរបស់កូរ៉េខាងត្បូង ជាពិសេសជំរុញឲ្យលោក Bom Kim មានឋានៈជាមហាសេដ្ឋីលេចធ្លោមួយក្នុងចំណោមមហាសេដ្ឋីលើពិភពលោក៕

អត្ថបទ៖ លីនី