នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ជួយប្រើប្រាស់ប្រាក់ដុល្លារនៅក្នុងការទូរទាត់ និងចំណាយប្រចាំថ្ងៃ ដើម្បីជួយទម្លាក់តម្លៃប្រាក់បាតកុំឲ្យឡើងថ្លៃខ្ពស់ពេក។ ថ្លែងនៅក្នុងទីក្រុងបាងកកលោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វិស័យឯកជនក៏ត្រូវជួយក្នុងដំណើរការនេះដែរ ដោយបច្ចុប្បន្នរដ្ឋាភិបាលកំពុងគិតពីរបៀបដែលត្រូវចំណាយប្រាក់ដុល្លារតាមមធ្យោបាយជាច្រើនដើម្បីជួយធ្វើឲ្យតម្លៃប្រាក់បាតចុះខ្សោយ។
ជាមួយគ្នានេះមធ្យោបាយដែលអាចមានប្រសិទ្ធិភាពខ្ពស់ គឺជំរុញឲ្យប្រជាជនប្ដូរប្រាក់បាតទៅជាប្រាក់ដុល្លារក្នុងការចាយវាយឲ្យបានច្រើនតាមដែលអាចធ្វើបាន និងស្នើឲ្យអ្នកវិនិយោគតូចធំទាំងក្នុង និងក្រៅស្រុកទាំងអស់ប្ដូរប្រាក់បាតទៅជាដុល្លារដូចគ្នា។ ដោយសារវិធីនេះនឹងជួយកាត់បន្ថយអតិរេកពាណិជ្ជកម្មធ្វើឲ្យតម្លៃប្រាក់បាតធ្លាក់ចុះ។
គួរបញ្ជាក់ផងដែរថាថៃ គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀត ដែលមិនអនុញ្ញាតឲ្យប្រើប្រាស់រូបិយប័ណ្ណបរទេសក្រៅពីរូបិយប័ណ្ណរបស់ខ្លួន ប៉ុន្តែដោយសារឆ្នាំនេះអត្រាប្តូរប្រាក់ពីដុល្លារ ទៅលុយបាត បានកើនឡើងខ្ពស់ រហូតដល់ទៅ ៨.៨% ដែលបណ្ដាលមកពីអតិរេកគណនីចរន្ត លំហូរចូលមូលធន និងទុនបំរុងបរទេសខ្ពស់ពេក។ ដូច្នេះហើយប្រសិនបើវានៅតែបន្តឡើងថ្លៃកាន់តែខ្ពស់បែបនេះ នឹងអាចធ្វើឲ្យការនាំចេញ និងវិស័យទេសចរណ៍ធ្លាក់ចុះផងដែរ៕
អត្ថបទ៖ លីនី


