ភ្នំពេញ៖ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថាកម្ពុជាទទួលបានទីផ្សារថ្មីមួយទៀត ក្នុងការនាំអង្ករចេញបន្ទាប់ពីប្រទេសចិន និងសហភាពអឺរ៉ុប គឺអាហ្វ្រិកខាងត្បូង។ ដោយកាលពីរសៀលថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះក្រសួងកសិកម្មកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី “ការនាំចេញអង្ករទៅ កាន់ទីផ្សារប្រទេសចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប” រវាងក្រុមហ៊ុនមេគង្គអូរីហ្សាត្រេដឌីង ជាមួយក្រុមហ៊ុនហុងកុង ជុងហ៊ុយថៃហ្វូអន្តរជាតិ និងក្រុមហ៊ុនហ្គ្រីន សែហ្វអាហ្រ្វិកគ្រុប។
ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីដែលឈានដល់ការចុះហត្ថលេខា MOU នេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានគូសបញ្ជាក់ថា នេះគឺជាជោគជ័យថ្មីមួយទៀតរបស់ក្រសួងក្នុងការជំរុញការនាំចេញអង្គរកម្ពុជាទៅកាន់ទីផ្សារចិន សហភាពអឺរ៉ុប និងជាពិសេសនោះគឺទីផ្សារអាហ្វ្រិកខាងត្បូងដែលជាទីផ្សារអង្ករថ្មីមួយទៀតរបស់កម្ពុជា។ បន្ថែមពីនេះឯកឧត្តមបានបានសង្កត់ធ្ងន់ថា វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញការនាំចេញមាសសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសស្របតាមគោលនយោបាយ និងកំណែទម្រង់ផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ផងដែរ៕



អត្ថបទ៖ លីនី


