KFC ជាហាងអាហារ Fast Food របស់អាមេរិកដែលមានទីស្នាក់ការកណ្តាលនៅ Louisville រដ្ឋ Kentucky ដែលមានជំនាញខាងសាច់មាន់បំពង។ វាជាខ្សែសង្វាក់ភោជនីយដ្ឋានធំជាងគេលំដាប់ទី ២ លើពិភពលោក (តាមការវាស់ស្ទង់ដោយការលក់) ដែលមានហាងជាង ២ ម៉ឺនកន្លែងនៅទូទាំងពិភពលោកនៅក្នុង ១៣៦ ប្រទេសគិតត្រឹមខែធ្នូឆ្នាំ ២០១៨។
នៅពីក្រោយអាជីវកម្មលំដាប់ពិភពលោកដ៏ធំមួយនេះ ផ្ដើមចេញពីការខិតខំប្រឹងប្រែងឆ្លងកាត់រឿងជាច្រើន និងការលក់នៅតាមចិញ្ចើមផ្លូវជាមួយកូនតូបដ៏តូចមួយរបស់លោក Colonel Sanders ជាបុរសដែលទទួលបរាជ័យមិនចេះតិចដងមិនថាក្នុងជិវិត ការងារ និងអាជីវកម្ម។ ដូច្នេះតើមានអ្វីពិសេសដែលធ្វើឲ្យបុរសរូបនេះទទួលបានជោគជ័យក្នុងការលក់មាន់បំពងរហូតបើកហាង និងលក់សិទ្ធិអាជីវកម្មទូទាំងពិភពលោកបែបនេះ? យ៉ាងណាមិញខាងក្រោមនេះជាតិចនិក ៣ យ៉ាងដែលគាត់មិនអាចខ្វះបានទាំងក្នុងជីវិតរស់នៅ និងមុខជំនួញ៖

១. ប្រថុយក្នុងការធ្វើអ្វីដែលអ្នកចូលចិត្ត៖ វាគ្មានអាថ៌កំបាំងមកពីណានោះទេ គន្លឺះនៃភាពជោគជ័យ និងសុភមង្គលគឺ ធ្វើតាមចំណង់ចំណូលចិត្តរបស់អ្នក ដូច្នេះប្រសិនបើអ្នកស្រលាញ់អ្វីចាប់ផ្ដើមសាកល្បងធ្វើវា ទោះមិនជោគជ័យភ្លាមៗតែថ្ងៃណាមួយអ្នកនឹងទទួលបានវា។ ជាក់ស្ដែងស្ថាបនិក KFC ចូលចិត្តក្នុងការចម្អិនអាហារតាំងពីនៅក្មេង ជាពិសេសជំនាញបំពងមាន់ ដោយបានយកជំនាញនោះផ្ដើមចេញរកស៊ីរហូតជោគជ័យនឹកស្មានមិនដល់។
២. មិនដែលយឺតពេលនោះទេ ក្នុងការចាប់ផ្តើម៖ ទោះបីជាការចំអិនម្ហូប គឺជាចំណង់ចំណូលចិត្តរបស់លោក Colonel Sanders ប៉ុន្តែគាត់មិនបានដឹងនោះទេរហូតដល់ពេលចុងក្រោយក្នុងជីវិតរបស់គាត់។ គាត់ទទួលបានអាជីពពេញលេញមួយ ដោយចាប់ផ្តើមពីដំបូងម្តងហើយម្តងទៀត។ នៅពេលអ្នកព្យាយាមទទួលជោគជ័យក្នុងរឿងប្លែកៗជាច្រើនវាអាចនឹងអស់កំលាំង ហើយការចាប់ផ្តើមតែងតែជាផ្នែកពិបាកបំផុតសម្រាប់មនុស្សភាគច្រើន ជាពិសេសការចាប់ផ្តើមម្តងទៀតនៅអាយុ ៥០ ឆ្នាំឬ ៦០ ឆ្នាំគឺ សឹងតែមិនមានអ្នកណាគិតនោះទេ។
ប៉ុន្តែទោះយ៉ាងណាវាមិនដែលយឺតពេលទេ សម្រាប់លោក Sanders ដោយទីបំផុតទទួលបានជោគជ័យក្នុងការធ្វើអ្វីដែលគាត់ស្រឡាញ់ក្នុងអាយុ ៧០ ឆ្នាំ។
៣.កុំខ្លាចក្នុងការចាប់ផ្ដើមតូចតាច៖ ស្ថាបនិក KFC បានចាប់ផ្តើមលក់សាច់មាន់បំពងនៅក្បែរថ្នល់តូចមួយ បន្ទាប់ពីការលក់រូបមន្តនេះវាបានរីកដុះដាលយ៉ាងខ្លាំងហើយសិទ្ធិអាជីវកម្មត្រូវបានបើកនៅទូទាំងពិភពលោក។ ដូច្នេះមិនថាអ្នកចង់បើកអាជីវកម្មប្រភេទណាក៏ដោយ កុំខ្លាចក្នុងការចាប់ផ្ដើមពីចំណុចតូច គួរសាកល្បងនឹងរៀនសូត្រឲ្យបានច្រើនពីវា ព្រោះមិនប្រាកដថាការបើកអាជីវកម្មធំៗទទួលបានជោគជ័យរហូតនោះទេ ដរាបណាអ្នកចាប់ផ្តើមហើយខិតខំធ្វើការ ការរីកចម្រើននឹងមកដល់។ ជាពិសេសការចាប់ផ្ដើមសាកល្បងនៅក្នុងចំណុចទាបមួយមិនថាអ្នកទទួលបរាជ័យក្នុងកម្រិតណា ការខាតបង់ក៏មិនច្រើនដែរ៕

អត្ថបទ៖ លីនី


