កម្ពុជា និងចិនចាប់ដៃគ្នាអភិវឌ្ឍភូមិគំរូនៅភូមិដាច់ស្រយាលក្នុងខេត្តតាកែវ ដើម្បីជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា
សេដ្ឋកិច្ច December 3, 2019 Chan Sreyny

មូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍ (CFPD) និងវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៅកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoA) ដើម្បីធ្វើការរួមគ្នាអភិវឌ្ឍភូមិគំរូមិត្តភាពកម្ពុជា – ចិនសម្រាប់ការកាត់បន្ថយភាពក្រីក្រ។ អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយអគ្គលេខាធិការនៃ CFPD លោក Xu Jianguo និងប្រធានសមាគម CSAF លោក Kemreat Viseth កាលពីពេលថ្មីៗកន្លងទៅនេះ។

ក្រោមកិច្ចព្រមព្រៀងនេះភាគីទាំងពីរបានសម្រេចចិត្តជ្រើសរើសភូមិក្រីក្រមួយឈ្មោះ តាណន សម្រាប់គម្រោងរយៈពេល ៣ ឆ្នាំ ដោយភូមិនេះស្ថិតនៅតំបន់ដាច់ស្រយាលមួយក្នុងស្រុកបាទីខេត្តតាកែវ ដែលមានចំងាយ ៦០ គីឡូម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញ។ គម្រោងនេះនឹងចាប់ផ្ដើម​នៅក្នុងខែធ្នូនេះ ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២២ ដោយផ្ដោតចម្បងលើការស្ថាបនា និងកែលម្អផ្លូវក្នុងភូមិ ការផ្ដល់ទឹកស្អាត ការគាំទ្រសុខភាព ការអភិវឌ្ឍវិស័យកសិកម្ម និងផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ជាមួយគ្នានេះដែរមេភូមិតាណន លោក ខៀវ អែម បានឲ្យដឹងថាភូមិនេះមានផ្ទៃដីសរុប ៧៧ ហិកតាក្នុងនោះមានតំបន់លំនៅដ្ឋានចំនួន ៣.៥ ហិកតាដីចំការ ២.៥ ហិកតា និងដីស្រែ ៧១ ហិកតា។ ចំពោះភូមិដាច់ស្រយាលនេះមានប្រជាជនរស់នៅប្រហែល ១២០ គ្រួសារស្មើនឹង ៥៦៧ នាក់ ដោយជាប្រពៃណីអ្នកភូមិរស់នៅក្នុងផ្ទះបែបខ្មែរប្រក់ក្បឿងដែលសង់ពីឈើ។ ខណៈដែលបច្ចុប្បន្នភូមិនេះមិនទាន់មានមណ្ឌលសុខភាព និងផ្សារបន្លែនោះទេ ចំនែកឯផ្លូវថ្នល់ចូលទៅកាន់ភូមិស្ថិតក្នុងស្ថានភាពលំបាក និងលិចលង់នៅរដូវវស្សា។ ដោយឡែកអ្នកភូមិខ្លះប្រកបរបរចិញ្ចឹមជីវិតដោយដាំដំណាំ និងអ្នកផ្សេងទៀតដោយធ្វើការនៅក្នុងរោងចក្រកាត់ដេរដែលនៅឆ្ងាយពីផ្ទះ ហើយអ្នកខ្លះទៀតធ្វើចំណាកស្រុកមកភ្នំពេញដើម្បីរកការងារធ្វើនៅក្នុងវិស័យសំណង់។

វវវវវ

យ៉ាងណាមិញចំពោះគម្រោងអភិវឌ្ឍមួយនេះនឹងចូលរួមជួយកាត់បន្ថយភាពក្រីក្រនៅក្នុងភូមិជនបទមួយនេះ និងរួមចំណែកបន្ថែមទៀតដើម្បីលើកកម្ពស់មិត្តភាពទៅវិញទៅមក លើកកម្ពស់ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា។ ខណៈដែលអ្នកភូមិក៏បានស្វាគមន៍ និងបានសន្យាថានឹងផ្ដល់កិច្ចសហការពេញលេញដើម្បីទទួលបានជោគជ័យចំពោះគម្រោងនេះ ហើយសង្ឃឹមថាគម្រោងនេះនឹងជួយបង្កើតការងារនៅក្នុងភូមិដូច្នេះពួកគេមិនចាំបាច់ធ្វើការនៅឆ្ងាយពីផ្ទះទេ៕

អត្ថបទ៖ លីនី