ភ្នំពេញ៖ នៅក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋាភិបាលកម្ពុជាបានផ្ដល់ការងារដល់ជនពិការជាង ៦៥០០ នាក់ទាំងក្នុងវិស័យរដ្ឋ និងឯកជន ដែលជាកត្តាមួយចូលរួមចំណែកជួយសម្រាលជីវភាពបានយ៉ាងល្អប្រសើរដល់បងប្អូនជនពិការ។ នៅក្នុងពិធីនេះដែរត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។
យោងតាមរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថាមកដល់ឆ្នាំ ២០១៩ នេះ ជនមានពិការភាព ត្រូវបានផ្ដល់អាទិភាពក្នុងការជ្រើសរើសឲ្យចូលបំរើការងារសរុបចំនួន ២៨៦០នាក់ ដោយស្រ្តីមានពិការភាពចំនួន ៧៨៩នាក់ ក្នុងនោះមានពិការកម្រិតធ្ងន់ចំនួន ១៥៥៧ នាក់ ដែលក្នុងម្នាក់គិតស្មើរចំនួន ២នាក់ សរុបទំាងអស់ចំនួនជាង ៤៤០០នាក់ ស្មើរនឹង ១.៩៥%។ ដោយឡែកនៅក្នុងវិស័យឯកជនវិញមានចំនួន ១០២អង្គភាព ដែលបានចុះបញ្ជីជ្រើសរើសនិយោជិកពិការភាពសរុបចំនួន ៣៧៩២នាក់ ស្មើរនឹង ២.៩៤% ក្នុងនោះមានស្រ្តីពិការភាពចំនួន ២១៦២នាក់។

បន្ថែមពីនេះសម្តេចតេជោ ក៏បានថ្លែងសារលិខិតដល់ជនរួមជាតិទំាងអស់ឲ្យបានជ្រាបថា៖ « ដើម្បីឲ្យជនពិការកាន់តែមានសមត្ថភាព ងាយស្រួលក្នុងការស្វែងរកឱកាសការងារល្អៗ រាជរដ្ឋាភិបាលបានជំរុញការបណ្តុះបណ្តាលជនពិការឲ្យកាន់តែមានចំណេះដឹងខ្ពង់ខ្ពស់ តាមរយៈបង្កើតសាលារៀនសម្រាប់ជនពិការតំាងពីថ្នាក់បឋមរហូតដល់វិទ្យាល័យ ឧត្តមសិក្សា និងបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ជនពិការដែលសមសម្របទៅនឹងស្ថានភាពទីផ្សារការងារបច្ចុប្បន្ន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់បងប្អូនពិការភាពទាំងអស់បន្តពង្រឹងសេចក្តីក្លាហាន មានសេចក្តីសង្ឃឹម និងមានជំនឿជឿជាក់លើខ្លួនឯងប្រើបា្រស់សម្បទាដែលមាន ពុះពារជំនះរាល់ការលំបាក ដើម្បីកសាងជីវភាពរស់នៅដោយឯករាជ្យ ម្ចាស់ការ រួមចំណែកក្នុងការអភិវឌ្ឍជាតិផងដែរ »៕

អត្ថបទ៖ លីនី


