ស្របពេលដែលបញ្ហាបំពុលបរិស្ថានកំពុងក្លាយជាបញ្ហាសកលដែលប្រទេសកម្ពុជាក៏ដូចជា ប្រជាជាតិទូទាំងសកលលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងនោះ បានបំផុសគំនិតឲ្យយុវជន កង វុត្ថា ស្រាវជ្រាវតាមបណ្តាញសង្គម Youtube ដើម្បីសិក្សាឈ្វេងយល់ពីបច្ចេកទេសកែច្នៃកាកសំណល់ធ្វើជាធ្យូងអនាម័យដែលអាចប្រើប្រាស់ជំនួសធ្យូងព្រៃធម្មជាតិបាន។
លោក កង វុត្ថា ស្ថាបនិកធ្យូងអនាម័យបានប្រាប់ឲ្យដឹងថាមូលហេតុដែលធ្វើឲ្យរូបលោកសម្រេចចិត្តចាប់ផ្ដើមបង្កើតអាជីវកម្មនេះគឺ ដោយសារស្រុកខ្មែរសំបូរធនធានធម្មជាតិ ជាពិសេសគឺកាកសំណល់ច្រើន ដែលគេបោះចោលព្រោងព្រាតពាសវាល និងមានកូនចិត្តមួយចង់សម្អាតកាកសំណល់ទាំងនោះ ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថាន ក៏សម្រេចចិត្តស្រាវជ្រាវតាមរយៈ Youtube មើលពីរបៀបធ្វើហើយយកមកអនុវត្តន៍ជាក់ស្តែងបន្ថែមទៀត ទម្រាំបានលទ្ធផលជាធ្យូងដែលលោកត្រូវចំណាយពេលវេលាយ៉ាងច្រើន។

លោកបានបន្តថា ដំបូងឡើយលោកបានបង្កើតសិប្បកម្មខ្នាតតូចផលិតធ្យូងអនាម័យនេះនៅខេត្តបាត់ដំបង ដោយប្រើដើមទុនខ្ទង់ ៨ ម៉ឺនដុល្លារ ដែលចូលហ៊ុនជាមួយមិត្តភក្តិម្នាក់ទៀតដែលធ្លាប់រស់នៅកម្សត់កម្រជាមួយគ្នា សម្រាប់ធ្វើការរៀបចំដំណើរការ សង្វាក់ផលិតកម្ម និងចំណាយលើការស្រាវជ្រាវជាបន្តបន្ទាប់ដូចជារកទិញម៉ាស៊ីន និងឧបករណ៍កែច្នៃផ្សេងៗ។ ក្រោយៗមកទៀតលោកក៏ចាប់ផ្ដើមបង្កើនទុនបន្ថែមទៀតទៅតាមតម្រូវការជាក់ស្តែង ប៉ុន្តែដោយសារទីតាំងមិនអំណោយផល ក៏ផ្លាស់សិប្បកម្មមកខេត្តកំពង់ស្ពឺ ដែលជាទីតាំងអំណោយផលបំផុតសម្រាប់ផលិតកែច្នៃកាកសំណល់ ព្រោះទីនោះអាចដឹកកាកសំណល់ពីទីប្រជុំជននានា ឬ កាកសំណល់ពីធម្មជាតិមានស្លឹកឈើ កាកអំពៅ ពីរោងចក្រស្ករសមាននៅជិតនោះស្រាប់ ឬ អាចដាំឫស្សីយកមកកែច្នៃជាធ្យូងជំនួសព្រៃឈើធម្មជាតិបាន។

ទោះបីកាកសំណល់មានច្រើនប្រភេទអាចកែច្នៃបានក៏ពិតមែន ប៉ុន្តែជំហានដំបូងសិប្បកម្មធ្យូងអនាម័យ BF ទើបតែកែច្នៃចេញពីត្រឡោកដូងប៉ុណ្ណោះ ជំហានបន្ទាប់ សិប្បកម្មនេះ នឹងសិក្សាបន្ថែមទៀត កែច្នៃពីឫស្សី ពីកម្ទេចស្លឹកឈើព្រៃ ដែលគេគរចោល។ គិតមកទល់ពេលនេះសិប្បកម្មថ្មីនៅខេត្តកំពង់ស្ពឺបានបើកដំណើរការបានរយៈពេល ៤ខែ ដោយម្ចាស់សិប្បកម្មរូបនេះមានមហិច្ឆតាចង់ពង្រីកសង្វាក់ផលិតកម្មឲ្យកាន់តែធំ បន្ទាប់ពីមើលឃើញលំហទីផ្សារ និងតម្រូវការកុម្ម៉ង់ទិញមានលក្ខណៈល្អប្រសើរជាងទីតាំងដំបូងដែលបានបង្កើតនៅខេត្តបាត់ដំបងកាលពីពីរឆ្នាំមុន។

បច្ចុប្បន្នសិប្បកម្ម BF ផលិតបានធ្យូងអនាម័យបានពីរតោនក្នុងមួយថ្ងៃហើយក្នុងមួយខែអាចបានប្រហែល ៣០តោន ដោយឡែកចំពោះការដឹកចេញទៅលក់មួយជើង ចន្លោះពី២០ ទៅ៣០តោន ចាប់ពី២សប្តាហ៍ទៅ១ខែ ដឹកចេញម្តងទៅតាមការបញ្ជាទិញ។ ដោយក្រៅពីផ្គត់ផ្គង់ឲ្យអ្នកទទួលទិញផ្តាច់មុខ ដែលបានចុះកិច្ចសន្យាជាមួយគ្នាត្រឹមត្រូវហើយ ម្ចាស់សិប្បកម្មក៏កំពុងសិក្សាទៅលើគុណភាព និងទីផ្សារនៅខាងក្រៅ ដោយនៅពេលដែលសិប្បកម្មមានលទ្ធភាពក្នុងការកែច្នៃបានច្រើនជាងនេះ ខាងសិប្បកម្មនឹងធ្វើការសហការនាំចេញទៅក្រៅប្រទេសនៅពេលអនាគត៕

អត្ថបទ៖ លីនី


