ភ្នំពេញ៖ យោងតាមការអះអាងពីមន្រ្តីជំនាញរដ្ឋបាលជលផលបានឲ្យដឹងថារដូវធ្វើប្រហុក ផ្អកនឹងចាប់ផ្ដើមឡើងចាប់ពីដើមខែធ្នូនេះតទៅ ពោលគឺចាប់ពីថ្ងៃទី១ ឬ ទី២ ខែធ្នូនេះ ស្របពេលឆ្នាំនេះផលត្រីទឹកសាបនឹងមានការថយចុះ និងមានទំហំតូចជាងឆ្នាំមុន។ ការថយចុះនៃបរិមាណទំហំត្រីនេះគឺ ដោយសារទឹកទន្លេមេគង្គមានកម្ពស់ទាប ឡើងយឺត ហើយស្រកលឿន ធ្វើឲ្យត្រីខកខានពុំបានពងកូនបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរការថយចុះនេះមិនទាន់ដឹងចំនួនច្បាស់ប៉ុន្មាននោះទេ ប៉ុន្តែអាចធានាឲ្យប្រជាពលរដ្ឋអាចធ្វើប្រហុក ផ្អកបានគ្រប់គ្រាន់ ដោយនាយកដ្ឋានជលផលបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យត្រៀមលក្ខណៈ ដើម្បីធ្វើប្រហុកផ្អក ឬ ត្រីឆ្អើរ សម្រាប់ ទុកបរិភោគនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ដោយនៅក្នុងឆ្នាំនេះ ខុសពីឆ្នាំមុនពោល គឺត្រីអាចនឹងត្រូវច្រើននៅក្នុងលើកទី១ ក្នុងអំឡុងដើមខែធ្នូនេះ ដោយសារស្ថានភាពមិនប្រសើរ ត្រីអាចសម្រុកចុះនៅខ្នើតនេះ ប៉ុន្តែសម្រាប់ខ្នើតបុស្ស ដែលជារដូវត្រូវខ្លាំង និងប្រជាពលរដ្ឋតែងតែនាំគ្នាធ្វើរៀងរាល់ឆ្នាំ អាចនឹងអត់ត្រី ដោយសារទឹកគោក ត្រីលែងធ្លាក់មក។

គួររំលឹកផងដែរថាជារៀងរាល់ឆ្នាំត្រីអាចត្រូវចំនួនបីលើក គឺលើកទី១ ត្រូវនៅដើមខែធ្នូ (ខ្នើតមាឃតូច) លើកទី២ ពាក់ចុងខែធ្នូ (ខ្នើតខែបុស្ស) និងលើកទី៣ ពាក់កណ្ដាលខែមករា (ខ្នើតមាឃធំ)។ តាមទម្លាប់ត្រីប្រហុកត្រូវច្រើននូវលើកទី២ ហើយប្រជាពលរដ្ឋមកធ្វើប្រហុកក៏ច្រើនផងដែរ ប៉ុន្តែដោយឡែកនៅឆ្នាំនេះត្រីត្រូវច្រើននៅលើកទី១ ហើយលើកទី២ និងទី៣ អាចនឹងគ្មានត្រីដោយសារទឹករាក់ ដូច្នេះហើយរដ្ឋបាលជលផលសំណូមពរឲ្យប្រជាពលរដ្ឋរូតរះមកធ្វើប្រហុក ផ្អកឲ្យបានទាន់ពេលវេលា ដើម្បីចៀសវាងការខ្វះខាត។

បន្ថែមពីនេះរដ្ឋបាលជលផលក៏សំណូមពរដល់ម្ចាស់គន្លងដៃលក់ត្រីឲ្យប្រជាពលរដ្ឋក្នុងតម្លៃធម្មតា មិនមានការឡើងថ្លៃ និងលក់ជូនប្រជាពលរដ្ឋមុនឲ្យបានគ្រប់គ្រាន់ មុននឹងលក់ឲ្យឈ្មួញធំៗ។ យ៉ាងណាមិញយោងតាមនាយកដ្ឋានជលផលកាលពីឆ្នាំ ២០១៨ ការប្រមូលផលពីត្រីទឹកសាបបានចំនួនជាង ១៦០០០ តោន និងត្រីទឹកប្រៃបានចំនួនជាង ១១០,០០០ តោន៕


អត្ថបទ៖ លីនី


