ភ្នំពេញ៖ បន្ទាប់ពីការចុះត្រួតពិនិត្យ អង្កេត និងវាយតម្លៃគុណភាពផ្លែស្វាយ និងរោងចក្រធ្វើដំណាប់ផ្លែស្វាយមួយចំនួនដោយក្រុមជំនាញការនៃ GACC ដែលអញ្ជើញមកពីប្រទេសចិន ជាលទ្ធផលផ្លែស្វាយនៅខេត្តចំនួន ៥ ក្នុងប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរ និងអាចនាំទៅប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះបន្ទាប់ពីប្រទេសទាំងពីរឈានទៅរកការចុះកិច្ចព្រមព្រៀង។
ក្រុមជំនាញការចិន GACC កាលពីពេលថ្មីៗនេះបានរាយការណ៍ជូនអំពីលទ្ធផលនៃការចុះត្រួតពិនិត្យ អង្កេត និងវាយតម្លៃលើគុណភាពផ្លែស្វាយនៅខេត្តចំនួន០៥ ក្នុងប្រទេសកម្ពុជា ដោយលទ្ធផលស្ថានភាពផ្លែស្វាយនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈល្អប្រសើរច្រើន ដូចជា៖ ផ្លែស្វាយមានគុណភាពល្អ ជាពិសេសស្វាយកែវរមៀតនិងស្វាយមាស នៅកសិដ្ឋានដាំស្វាយពុំមានការបំផ្លាញច្រើនពីសត្វល្អិតចង្រៃឡើយ ហើយក៏មិនមានការប្រើប្រាស់ថ្នាំពុលគីមីច្រើនក្នុងការសម្លាប់សត្វល្អិតទេ និងនៅក្នុងរោចក្រកែច្នៃស្វាយមានការគ្រប់គ្រងសត្វល្អិតបានល្អប្រសើរ។

ទោះបីជាយ៉ាងនេះក្ដីក្នុងនោះក៏មានចំណុចអវិជ្ជមានតិចតួចដែលក្រុមការងារបានរកឃើញរួមមាន៖ ការខ្វះខាតឧបករណ៍ធ្វើតេស្តរកមើលប្រភេទល្អិតដែលស៊ីបំផ្លាញផ្លែស្វាយ ការកត់ត្រាពីប្រភេទសត្វល្អិតដែលស៊ីបំផ្លាញផ្លែស្វាយនៅមានការខ្វះខាតនៅឡើយ មានវត្តមានស្មៅច្រើននៅតាមទីតាំងដាំដំណាំស្វាយ និងខ្វះចន្លោះចំពោះការគ្រប់គ្រងនិងទុកដាក់ផ្លែស្វាយនៅក្នុងកសិដ្ឋាន។

ជារួមស្ថានភាពផ្លែស្វាយនៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរ និងពុំមានអ្វីដែលគួរឱ្យព្រួយបារម្ភទេ ដោយបន្ទាប់ពីបេសកកម្មនេះត្រូវបានបញ្ចប់ ក្រុមការងារនឹង រៀបចំរបាយការណ៍លម្អិតមួយជូនថ្នាក់ដឹកនាំរបស់ខ្លួន ហើយប្រសិនបើពុំមានអ្វីចោទទេ ការងារនេះនឹងឈានទៅរកការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរួមគ្នារវាងប្រទេសចិន និងកម្ពុជា ហើយសង្ឃឹមថា ផ្លែស្វាយរបស់កម្ពុជានឹងអាចនាំចេញទៅប្រទេសចិនបានក្នុងពេលឆាប់ៗនេះ៕


អត្ថបទ៖ លីនី


