កាលពីពេលថ្មីៗនេះ Franchise Business Review ដែលជាអ្នកវិភាគលើសិទ្ធិអាជីវកម្មយីហោរាប់រយកន្លែងបានចេញផ្សាយនូវរបាយការណ៍ពីយីហោល្បីៗចំនួន ៨០ ដែលប្រើដើមទុនវិនិយោគក្រោម ១០ ម៉ឺនដុល្លារ និងទទួលបានការណែនាំយ៉ាងច្រើនទៅកាន់អ្នកចង់ចាប់ផ្ដើមអាជីវកម្មដោយ Franchise Business Review។ យ៉ាងណាមិញខាងក្រោមនេះជាជាសិទ្ធិអាជីវកម្មចំនួន ៤ ដែលមានការចំណាយទាបក្នុងការចាប់ផ្ដើម និងអាចធ្វើឲ្យអ្នករកស៊ីនៅសហរដ្ឋងាមេរិកក្លាយជាអ្នកមានក្នុងមួយប៉ព្រិចភ្នែកប្រសិនបើសម្រេចចិត្តវិនិយោគនៅលើយីហាណាមួយ៖
១.Baby Boot Camp៖ ជាអាជីវកម្មដែលបណ្ដុះបណ្ដាលអ្នកម្ដាយជំនាន់ថ្មីគ្រប់រូប ថ្នាក់សម្បទា និងរបៀបមើលថែកូនៗរបស់ពួកគេ ដោយតម្រូវការសាច់ប្រាក់ពី ៤០០០ ដុល្លារ ទៅ ៦០០០ ដុល្លារ។ ជាមួយគ្នានេះទឹកប្រាក់ដែលត្រូវប្រើសម្រាប់ការចាប់ផ្ដើមវិនិយោគចន្លោះពី ៤,៥៧០ ដុល្លារ ទៅ ១០,៨០០ ដុល្លារ។ ភាគច្រើនម្ចាស់អាជីវកម្មប្រភេទនេះជាម្ដាយវ័យក្មេងដែលធ្វើការផ្លាស់ប្តូរអាជីពដើម្បីក្លាយជាសហគ្រិនម្នាក់ ហើយបច្ចុប្បន្នយោងតាមគេហទំព័ររបស់ក្រុមហ៊ុនយីហោនេះមានទីតាំងយីហោជាង ១០០ នៅទូទាំងប្រទេស។
២.Image One Facility Solutions៖ ជាក្រុមហ៊ុនផ្ដល់សេវាកម្មសម្អាតនៅទូទាំងសហរដ្ឋអាមេរិក ដែលផ្ដល់សេវាកម្មសម្អាតទៅលើកន្លែងគ្រប់ប្រភេទ ជាពិសេសផ្ដល់ដំណោះស្រាយសមស្របក្នុងការដោះស្រាយបញ្ហានានានៅក្នុងលំនៅដ្ឋាន ឬការិយាល័យ។ ដើម្បីទិញសិទ្ធិអាជីវកម្មនេះតម្រូវការសាច់ប្រាក់ ១៥,០០០ ដុល្លារ ហើយការចាប់ផ្ដើមទុនវិនិយោគសរុបពីចន្លោះ ២៩,៧៥០ ដុល្លារ ទៅ ១០៣,២០៨ ដុល្លារ។ បច្ចុប្បន្នក្រុមហ៊ុននេះលក់សិទ្ធអាជីវកម្មបានដល់ទៅជិត ១០០ កន្លែងនៅទូទាំងទីក្រុងឈីកាហ្គោ និងទីក្រុងធំ ៗផ្សេងទៀត ហើយសិទ្ធិអាជីវកម្មនៅតំបន់ឈីកាហ្គោកំពុងរកប្រាក់ចំណូលបាន ១ លានដុល្លារនៅឆ្នាំនេះ។

៣.Sit Means Sit៖ ជាក្រុមហ៊ុនមើលថែ និងបណ្ដុះបណ្ដាលសត្វចិញ្ចឹម ដែលបច្ចុប្បន្នសត្វចិញ្ចឹមមានទីផ្សារយ៉ាងខ្លាំងជាពិសេសសត្វឆ្កែ និងឆ្មា ខណៈដែលម្ចាស់របស់សត្វទាំងនោះចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ដើម្បីទិញសិទ្ធអាជីវកម្មប្រភេទនេះត្រុវចំណាយប្រាក់ ៤៥,០០០ ដុល្លារ និងទឹកប្រាក់ដែលត្រូវប្រើសម្រាប់ការចាប់ផ្ដើមវិនិយោគចន្លោះពី ៤៥,០០០ ដុល្លារ ទៅ ៩៣,៨៥០ ដុល្លារ។

៤.Proforma៖ ជាប្រភេទអាជីវកម្មផ្ដល់នូវសេវាកម្មជាច្រើនដូចជា បោះពុម្ព និងផលិតឯកសណ្ឋាន និងធ្វើទីផ្សារសម្រាប់ការផ្សព្វផ្សាយអាជីវកម្មដទៃទៀត។ ការបើកអាជីវកម្មប្រភេទនេះមិនចាំបាច់មានហាងធំដុំ ឬ ទីតាំងនៅខាងមុខផ្លូវនោះទេ ដោយអ្នកទិញសិទ្ធិអាជីវកម្មប្រភេទនេះអាចបើកនៅផ្ទះក៏បាន ដោយចំណាយ ២៩,៥០០ ដុល្លារ ទៅលើសិទ្ធិអាជីវកម្ម និងទឹកប្រាក់ដែលត្រូវប្រើសម្រាប់ការចាប់ផ្ដើមវិនិយោគចន្លោះពី ៤.៧៣០ ដុល្លារ ទៅ ៥០.១៩៥ ដុល្លារ។ យោងតាមគេហទំព័របានឲ្យដឹងថាមានបច្ចុប្បន្ននេះមានអ្នករកស៊ីលក់សិទ្ធិជាង ១៧០ នាក់ដែលរកចំណូលបាន ១ លានដុល្លារនៅរដ្ឋ Ohio៕


អត្ថបទ៖ លីនី


