យោងតាមមន្រ្តីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឲ្យដឹងថានៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះមាននាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះថា WESTERDAM បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២០០០ នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ១ ថ្ងៃមុននឹងចាកចេញទៅកាន់ប្រទេសវៀតណាម។
នាវាទេសចរណ៍របស់ប្រទេសហូឡង់មួយនេះបានចេញពីប្រទេសថៃ និងបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅវេលាម៉ោង ០៧ និង ១០ នាទីព្រឹក ដោយក្នុងចំណោមភ្ញៀវទេសចរសរុប ១៩២៤នាក់។ ក្នុងនោះផងដែរភ្ញៀវទេសចរស្រី ១០៣២ មាន ៤៣សញ្ជាតិ នាវិកចំនួន ៧៨៨នាក់ ស្រី១៤០នាក់ ដែលបានធ្វើដំណើរកម្សាន្តតាមតំបន់រមនីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ ទីប្រជុំជនផ្សារ តំបន់នេសាទទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ និងតាមឆ្នេរសមុទ្រក្នុងក្រុង ខេត្តព្រះសីហនុ។ ទន្ទឹមនេះក៏មានភ្ញៀវចំនួន ០៣នាក់ ទៅទស្សនានៅខេត្តសៀមរាបអង្គរ និងភ្ញៀវចំនួន ១៥០នាក់ ទៅទស្សនានៅខេត្តកំពត និងកែបផងដែរ។

គួររម្លឹកផងដែរថាកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវាទេសចរណ៍ WESTERDAM ក៏បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពេញមួយថ្ងៃផងដែរ។ នៅដើមខែវិច្ឆិកានេះ មាននាវាទេសចរណ៍មកពីតំបន់អឺរ៉ុប និងអាស៊ី ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុជាបន្តបន្ទាប់ ព្រោះចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ និងដល់ខែមេសា ដើមឆ្នាំ ២០២០ខាងមុខ ជារដូវប្រាំង ការធ្វើដំណើរ តាមផ្លូវសមុទ្រ មានភាពងាយស្រួល មិនជួបហានិភ័យនូវព្យុះ ភ្លៀង ដូចរដូវវស្សា៕

អត្ថបទ៖ លីនី


