ដើម្បីឲ្យខេត្តមណ្ឌលគិរីកាន់តែល្អប្រសើរឡើង និងអាចទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្តមានការកើនឡើងផងនោះ អាជ្ញាធរខេត្តមណ្ឌលគិរីនឹងពង្រឹងវិធានការគ្រប់គ្រងសេវាកម្មទេសចរណ៍នានាឲ្យកាន់តែល្អជាងមុន។ ក្នុងនោះមន្ទីរទេសចរណ៍បានបង្កើនការបណ្ដុះបណ្ដាល ដល់ម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្តទាំងអស់ ដូចជាផ្នែកបដិសណ្ឋារកិច្ចជូនដល់ភ្ញៀវទាំងកន្លែងស្នាក់នៅ និងកន្លែងកម្សាន្ត ក៏ដូចជាការផ្ដល់សេវាកម្មអាហារមានអនាម័យ និងតម្លៃសមរម្យ ដើម្បីបំពេញចិត្តភ្ញៀវឲ្យមកលេងកម្សាន្តម្ដងហើយចង់មកម្ដងទៀត។
ជាមួយគ្នានេះប្រធានមន្តីរទេសចរណ៍ខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថានៅពេលដែលកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅខេត្តមណ្ឌលគិរីកាន់តែច្រើន នឹងជួយឲ្យប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបន្ថែមពីវិស័យទេសចរណ៍ ដើម្បីជីវភាពរបស់ពួកគេកាន់តែប្រសើរឡើង។ យ៉ាងណាមិញកន្លងមកមន្ទីរទេសចរណ៍ខេត្ត តែងតែខិតខំពង្រឹងសេវាកម្មទេសចរណ៍ដែលមានស្រាប់ និងតំបន់រម្មណីយដ្ឋានទេសចរណ៍ដែលភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលចិត្តទៅកម្សាន្តច្រើនជាងគេមានដូចជា៖ ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ សមុទ្រឈើ តំបន់ភូមិជនជាតិភាគតិច និងតំបន់ភ្នំណាមលៀរ ដោយសារតែទីនោះមានទេសភាពគួរឲ្យទាក់ទាញសំបូរទៅដោយធនធានធម្មជាតិ និងព្រៃឈើធំៗ៕




អត្ថបទ៖ លីនី


