ជំនាញក្នុងការធ្វើទឹកជ្រលក់ប្រហិត ចេញរកស៊ីតាំងពីឆ្នាំ ១៩៩៨ ខ្ចីលុយពីបងប្អូន ៥០០ ដុល្លារ ធ្វើទុនរកស៉ីរហូតដល់ល្បីល្បាញដល់សព្វថ្ងៃ រកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយខែ
អាជីវកម្ម December 16, 2019 Chan Sreyny

ក្នុងពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថាការប្រកបអាជីវកម្មកំពុងរីកលូតលាស់ដូចផ្សិតនៅទូទាំងប្រទេស ជាពិសេសជាអាជីវកម្មលក់ចំណីអាហារ ដែលមានច្រើនបែបយ៉ាងហើយប្លែកៗ។ ជាក់ស្ដែងអាជីវកម្មយីហោ នំប័ុងប្រហិតសាច់គោឆ្ងាញ់ រដ្ឋាពោធិ៍ចិនតុង កំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានអតិថិជនគាំទ្រឥតឈប់ឈរក្នុងមួយថ្ងៃៗ​។

ជាមួយគ្នានេះដែរ​នៅក្នុងបទសម្ភាសន៍ផ្ទាល់លោក ជឹម រដ្ឋា បានប្រាប់ឲ្យដឹងថាលោកចាប់ផ្ដើមអាជីវកម្មនេះតាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះគិតមកទល់ពេលនេះមានរយៈពេលជាង ២០ ឆ្នាំហើយ ដោយសារចិត្តស្រលាញ់និងមានជំនាញក្នុងការធ្វើទឹកជ្រលក់ទើបសម្រេចចិត្តខ្ចីលុយពីបងប្អូន មកចាប់ផ្ដើមចេញរកស៊ីដោយចំណាយដើមទុន ៥០០ ដុល្លារ។ ក្នុងការរកស៊ីដំបូងឡើយនៅកាលនោះ គាត់ធ្វើជារទេះដាក់ម៉ូតូមួយលក់នៅតាមសាលារៀននៅពេលព្រឹក ហើយលក់នៅតាមផ្ទះពេលថ្ងៃ និងពេលល្ងាចនៅម្ដុំពោធិ៍ចិនតុង។

បើកបានរយៈពេល ៣​ ទៅ ៤ ឆ្នាំក្រោយមកដោយសាររសជាតិឆ្ងាញ់ និងមានតម្លៃសមរម្យធ្វើឲ្យការលក់ចេះតែកើនឡើង មានគេស្គាល់ច្រើនគួរសម ក៏ទទួលបានការផ្ដល់យោបល់ពីសំណាក់អតិថិជន និងបងប្អូនឲ្យទៅបើកលក់នៅក្នុងទីក្រុងក្រែងលលក់ដាច់ខ្លាំង ចំណេញច្រើនព្រោះតំបន់នោះជាទីប្រជុំជន។ នៅពេលនោះម្ចាស់អាជីវកម្មរូបនេះក៏សម្រេចចិត្តបើកហាងនៅម្ដុំវិទ្យាល័យសន្ធរម៉ុក ដោយចំណាយដើមទុនជិត ៥០០០ ដុល្លារ ដែលបានមកពីការសន្សំ និងខ្ចីបងប្អូនបន្ថែម ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ ខាតឡុងចុងរហូតត្រូវត្រលប់មកលក់នៅតាមសាលារៀនវិញ។

ក្នុងការចាប់ផ្ដើមជាថ្មីលោក រដ្ឋា បានចាប់ផ្ដើមលក់នៅក្នុងវិទ្យាល័យជម្ពូវ័ន ដោយទទួលបានជោគជ័យយ៉ាងខ្លាំងដោយសារមានម៉ូយស្រាប់ និងក្មេងៗសិស្សសាលាថតបង្ហោះលេងនៅលើបណ្ដាញហ្វេសប៊ុក ដែលធ្វើឲ្យមនុស្សជាច្រើនស្គាល់គាត់ និងអាជីវកម្មលក់ប្រហិតនេះ។ ខណៈដែលភាពល្បីល្បាញចេះតែរីកសុះសាយពីមួយថ្ងៃទៅមួយថ្ងៃ និងមានការជម្រុញពីភ្ញៀវបានធ្វើឲ្យម្ចាស់អាជីវកម្មចាស់វស្សារូបនេះសម្រេចិត្តបោះជំហានចូលក្នុងទីក្រុងជាថ្មីម្ដងទៀត បើកហាងនៅម្ដុំផ្សារកណ្ដាលដោយយល់ឃើញថា ការរកស៊ីមិនដែល​ដួលរហូតនោះទេ។

ហើយអ្វីៗពិតជាសមនឹងការខិតខំប្រឹងប្រែង និងដូចការគិតរបស់គាត់មែន គ្រាន់តែ​បើកដំណើរការភ្លាមទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយមានភ្ញៀវណែនណាន់ ឈរតំរង់ជួរចាំ និងចេញចូលឥតដាច់។ ភាពជោគជ័យនេះបានធ្វើឲ្យលោក រដ្ឋា អាចឈានដល់ការពង្រីកសាខារហូតដល់ ៣ កន្លែងបន្ថែមទៀតក្នុងពេលបច្ចុប្បន្ននេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវអាចទៅកន្លែងជិតផ្ទះរបស់ពួកគេ និងអាចឲ្យម្ចាស់អាជីវកម្មរូបនេះទទួលបានចំណូលខ្ទង់ម៉ឺនដុល្លារក្នុងមួយខែពីគ្រប់សាខាទាំងអស់៕

អត្ថបទ៖ លីនី