គំនិតល្អមែន! ថៃគូសគំនូស​ផ្លូវថ្មើរជើងសម្រាប់ឆ្លងកាត់ផ្លូវជារូប 3D ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកថ្មើរជើងជាពិសេសកុមារ
សេដ្ឋកិច្ច November 29, 2019 Chan Sreyny

យោងតាមសារព័ត៌មានមួយរបស់ប្រទេសថៃបានឲ្យដឹងថា​ផ្លូវថ្មើរជើងសម្រាប់ឆ្លងកាត់ផ្លូវមួយចំនួននៅក្នុងប្រទេសថៃត្រូវបាន​គូសជាគំនូស 3D ក្នុងគោលបំណងធានាសុវត្ថិភាពសម្រាប់អ្នកថ្មើរជើងជាពិសេសកុមារ។ គំនូស 3D នេះត្រូវបានគូសដោយនិស្សិត និងក្រុមអ្នកស្ម័គ្រចិត្តដែលគាំទ្រក្នុងការចំណាយដោយធនាគារសន្សំពីរដ្ឋាភិបាលរបស់ប្រទេសថៃ។

ជាមួយគ្នានេះការគូសគំនូសប្រភេទ 3D ត្រូវបានចាប់ផ្ដើមគូសនៅផ្លូវឆ្លងកាត់ខាងមុខសាលារៀន Wat Bueng Thong Lang នៅជាយក្រុងបាងកក ដោយគូសជាប្រភេទរូបភាពផុសឡើងពីផ្លូវជាមួយគំនូសច្បាស់ៗ ដែលអាចធ្វើឲ្យអ្នកបើកបរយានជំនិះអាចមើលឃើញមនុស្សដែលកំពុងឆ្លងកាត់ និងបញ្ឈប់យានយន្តរបស់ពួកគេជាពិសេសការឈប់ហួសគំនូសជាដើម។ ជាក់ស្ដែងក្នុងអំឡុងពេលពីរបីខែកន្លងមកនេះ ក្រុមអ្នកស្ម័គ្រចិត្តបានគូររូបចំនួនប្រាំមួយកន្លែងនៅក្បែរសាលារៀន និងប្រាសាទ។

គួរបញ្ជាក់ផងដែរថាយោងតាមស្ថិតិពីការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១០,៦៧២ ករណីពាក់ព័ន្ធនឹងអ្នកថ្មើរជើងនៅក្នុងប្រទេសថៃ។ អ្នកថ្មើរជើងជាង ៩០០ នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយការស្ទង់មតិដែលធ្វើឡើងដោយ Super Poll ក្នុងឆ្នាំ ២០១៦ បានរាយការណ៍ថាប្រហែលជា ៩០% នៃមនុស្ស ១,២០៤ នាក់ដែលបានស្ទង់មតិបាននិយាយថាពួកគេមានអារម្មណ៍ថាមិនមានសុវត្ថិភាពនៅពេលឆ្លងផ្លូវ៕

អត្ថបទ៖ លីនី