ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងដាក់ឲ្យដំណើរការលេខពិសេសផ្ទាល់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីក្រសួងបានបើកកិច្ចប្រជុំកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ បញ្ចប់លើសេចក្ដីព្រាង នៃប្រកាសអន្តរក្រសួងស្ដីពី ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួន។
កិច្ចកិច្ចប្រជុំនេះផ្តោតសំខាន់លើការធានាឲ្យបាននូវធម្មនុញ្ញភាព នៃប្រកាសអន្តរក្រសួង ស្ដីពី ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងនីតិវិធី នៃដំណើរប្រព័ន្ធលេខពិសេសផ្ទាល់ខ្លួន ដើម្បីឱ្យមានភាពត្រឹមត្រូវស្របច្បាប់ទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរលេខពិសេសផ្ទាល់ខ្លួន ដែលគ្រោងនឹងដាក់ឲ្យដំណើរការនេះ គឺជាលេខដែលផ្នែកខាងលើសរសេរអក្សរខ្មែរ “កម្ពុជា” ផ្នែកកណ្ដាលជា លេខ ឬ/និងអក្សរឡាតាំង ដែលប្រជាពលរដ្ឋអាចដាក់មិនលើសពី៨ (ប្រាំបី) ខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង “CAMBODIA” នៅពីក្រោមបន្ទាត់ផ្តេក៕
អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងសាធារណ និងដឹកជញ្ជូន


