មុនពេលបង្កើតអាលីបាបា Jack Ma បានពិភាក្សាជាមួយមិត្តភក្កិ ២៤ នាក់តែ ២៣ នាក់បានបដិសេធនិងមើលងាយពីគំនិតរបស់គាត់ ឥឡូវនេះអាលីបាបា គឺជាក្រុមហ៊ុនលំដាប់ពិភពលោកហើយ Jack Ma ក្លាយជាអ្នកមានបំផុតនៅប្រទេសចិន
គំនិតអប់រំ November 28, 2019 Chan Sreyny

Jack Ma មុនពេលបង្កើតក្រុមហ៊ុន Alibaba គាត់បានអញ្ជើញមិត្តភក្កិ ២៤ នាក់ទៅផ្ទះរបស់គាត់ដើម្បីពិភាក្សាពីឱកាសអាជីវកម្ម បន្ទាប់ពីពិភាក្សាអស់រយៈពេល ២ ម៉ោងពេញពួកគេនៅតែមិនយល់ពីគាត់ និងច្របូលច្របល់។ នៅពេលនោះគាត់បានគិតថាប្រហែលមកពីគាត់មិនបានធ្វើឲ្យខ្លួនឯងមើលទៅប្រាកដប្រជា។ នៅចុងបញ្ចប់មនុស្ស ២៣ នាក់ក្នុងចំណោម ២៤ នាក់នៅក្នុងបន្ទប់បានប្រាប់ឲ្យគាត់បោះបង់ចោលគំនិតនេះដោយហេតុផលជាច្រើនដូចជា គាត់មិនស្គាល់អ្វីជាអ៉ីនធឺណេត គាត់គ្មានបទពិសោធ ជាពិសេសគាត់គ្មានដើមទុន។

ក្នុងអំឡុងពេលនោះមានមិត្តតែម្នាក់គត់ (ដែលកំពុងធ្វើការនៅធនាគារពេលនោះ) ដែលបានប្រាប់គាត់ថា ប្រសិនបើគាត់ចង់ធ្វើវា គាត់អាចសាកល្បងបានហើយប្រសិនបើអ្វីៗមិនដំណើរការដូចអ្វីដែលបានរំពឹងទុកគាត់អាចត្រលប់ទៅធ្វើអ្វីខ្លួនធ្លាប់ធ្វើកាលពីមុន។ Jack Ma​ បានគិតអំពីរឿងនេះពេញមួយយប់ហើយនៅព្រឹកបន្ទាប់គាត់បានសម្រេចចិត្តថា​គាត់នឹងធ្វើវាឲ្យបាន ទោះបីជាពេលនោះមិត្តភក្កិទាំង ២៤ នាក់នោះបានប្រឆាំងនឹងគំនិតគាត់ក៏ដោយ។

នៅពេលចាប់ផ្ដើម Alibaba ដំបូងគាត់ទទួលបានការប្រឆាំងយ៉ាងខ្លាំងពីក្រុមគ្រួសារ និងមិត្តភក្កិ តែគាត់នៅតែជំនះតស៊ូរហូតបង្កើតក្រុមហ៊ុនបានដើរទៅមុខ និងទទួលបានភាពល្បីល្បាញទូទាំងពិភពលោកដែលមានតម្លៃរហូតដល់រាប់រយលានដុល្លារ និងធ្វើឲ្យគាត់ក្លាយជាអ្នកមានបំផុតនៅប្រទេសចិន។ ត្រលប់ទៅកាន់អតីតកាលដ៏ជូរចត់មហាសេដ្ឋីរូបនេះដឹងថាកម្លាំងជំរុញដ៏ធំបំផុតសម្រាប់គាត់នៅពេលនោះ មិនមែនគាត់ជឿជាក់លើអ៉ីនធឺណេត និងសក្ដានុពលដែលអាចកើតមាននោះទេ ប៉ុន្តែអ្វីដែលផ្ដល់ឲ្យគាត់មានថ្ងៃនេះគឺ មិនថានរណាម្នាក់ធ្វើអ្វីមួយដែលមិនគិតពីការបរាជ័យ ឬ ជោគជ័យនោះទេ បទពិសោធន៍គឺជាទម្រង់នៃជោគជ័យ ដូច្នេះអ្នកត្រូវព្យាយាមបន្តទៅមុខទៀត ហើយប្រសិនបើវាមិនដំណើរការអ្នកអាចត្រលប់ទៅអ្វីដែលអ្នកបានធ្វើពីមុនមក។

យោងតាមបទពិសោធន៍របស់គាត់លោក Jack Ma បានបង្ហាញថាមនុស្សបានបង់ជីវិតដោយសារហេតុផល ៤ យ៉ាងនេះ៖ ១. ធ្វើជាមើលមិនឃើញពីឱកាស ២. មើលងាយឱកាស ៣.កង្វះការយល់ដឹង ៤.ប្រញ៉ាប់ចុះចាញ់ និងមិនមានការតស៊ូគ្រប់គ្រាន់ ជារួមមនុស្សក្រព្រោះពួកគេគ្មានមហិច្ឆតា។ មហិច្ឆតាកំពុងរស់នៅក្នុងឧត្តមគតិដ៏អស្ចារ្យ គោលដៅដ៏អស្ចារ្យនៅក្នុងជីវិតដែលត្រូវតែសំរេចបាន នៅលើលោកនេះមានរឿងដែលគេគិតថាមិនអាចយល់បាន ប៉ុន្តែគ្មានអ្វីលើលោកនេះទេដែលមិនអាចធ្វើបាន ដោយជម្រៅនៃមហិច្ឆិតារបស់មនុស្សម្នាក់កំណត់សក្តានុពលនៃអនាគតមួយ៕

អត្ថបទ៖ លីនី