កម្ពុជា និងអាល្លឺម៉ង់ចុះកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ជាង ៧០ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍នៅតាមជនបទ
សេដ្ឋកិច្ច November 28, 2019 Chan Sreyny

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជាបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់សរុបប្រមាណជា ៧៤ លានដុល្លារអាមេរិក ក្នុងថ្ងៃនេះនៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្នុងនោះផងដែរកិច្ចព្រមព្រៀងទីមួយ គឺកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការឆ្នាំ ២០១៨ ដែលជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនឹងផ្ដល់ឥណទានប្រមាណ ៣៣ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងប្រមាណ ២.២ លានដុល្លារ លើគម្រោងប្រសិទ្ធិភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ។ ដោយចំពោះកិច្ចព្រមព្រៀងទីពីរ គឺកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការឆ្នាំ ២០១៩ ដែលជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនឹងផ្ដល់ឥណទានប្រមាណ ៣៣ លានដុល្លារអាមេរិក លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងហិរញ្ញប្បទានឥតសំណងប្រមាណ ៥.៦ លានដុល្លារសម្រាប់គម្រោងជាក់លាក់មួយចំនួនទៀត។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថារដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺជាដៃគូអភិវឌ្ឍន៍ប្រទេសអឺរ៉ុបទី២ បន្ទាប់ពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋបារាំង ដែលបានផ្ដល់ឥណទានសម្បទានដល់កម្ពុជា ដើម្បីរួមចំណែកគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍ និង​វិស័យអាទិភាពនានារបស់រដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ លីនី