ប្រទេសថៃត្រៀមនឹងដាក់ចេញនូវ “ទិដ្ឋាការទេសចរណ៍ទ្វេដង” ដែលអាចឲ្យភ្ញៀវទេសចរចូល និងចេញពីប្រទេសថៃទៅកាន់ប្រទេសជិតខាងដូចជា ប្រទេសកម្ពុជា ឡាវ ឬ ម៉ាឡេស៊ី បន្ទាប់មកត្រឡប់ទៅកាន់ប្រទេសថៃវិញដើម្បីបញ្ចប់ថ្ងៃឈប់សម្រាករបស់ពួកគេ។ ការដាក់ចេញនូវវិធានការនេះគឺក្នុងគោលបំណងសម្រេចបានគោលដៅក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ៤២ លាននាក់នៅឆ្នាំក្រោយ ខណៈដែលក្នុងឆមាសទីមួយនៃឆ្នាំនេះចំនួនភ្ញៀវទេសចរមានត្រឹមតែ ២០ លាននាក់។
ទន្ទឹមនឹងនេះដែរបច្ចុប្បន្នប្រទេសថៃកំពុងពិចារណាលើវិធានការជំរុញមួយចំនួនដើម្បីជួយឧស្សាហកម្មទេសចរណ៍ ដោយកាលពីពេលថ្មីៗនេះថៃបានបើកដំណើរការច្រកព្រំដែនចេញចូលសម្រាប់ភ្ញៀវទេសចរ ២៤ ម៉ោងហើយក៏កំពុងពិចារណាលើទិដ្ឋាការ «ចូលច្រើនដង» ផងដែរ។ យ៉ាងណាមិញចំពោះពេលវេលាជាក់លាក់ក្នុងប្រកាសដាក់ឲ្យអនុវត្តវិធានការថ្មីមិនទាន់ច្បាស់លាស់នៅឡើយទេ ដោយអាចនឹងនៅក្នុងចន្លោះចុងឆ្នាំនេះ ឬ ដើមឆ្នាំក្រោយបន្ទាប់ពីធ្វើកិច្ចពិភាក្សាសម្រេចចុងក្រោយ៕


អត្ថបទ៖ លីនី


