ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញចូលរួមនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើបសិនជូរីផ្លាហ្សាជាផ្លូវការ ដោយមានការឯកភាពទាំងស្រុងពីអាជីវករ។ ក្នុងនោះឯកឧត្តមបានបញ្ជាក់ថាផ្សារសិនជូរីផ្លាហ្សានេះនឹងក្លាយជាតំបន់ ឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់បម្រើឲ្យសេចក្ដី ត្រូវការរបស់អតិថិជន។
ជាមួយគ្នានេះឯកឧត្តមបានបន្តថា ដោយមើលឃើញពីស្ថានភាពផ្សារសិនជូរីផ្លាហ្សា នាពេលបច្ចុប្បន្នមានសភាពទ្រុឌទ្រោម ពុំមានអនាម័យ និងបរិស្ថានល្អទាំងក្នុងផ្សារ និងជុំវិញបរិវេណផ្សារមានការលក់ដូរអនាធិបតេយ្យតាមដងផ្លូវ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរ សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរាបរយសាធារណៈ ក៏ដូចជាសោភណ្ឌភាពរាជធានី។ ជាពិសេសតំបន់នេះ ជាចំណុចឆ្លងកាត់របស់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនៅលើពិភពលោក និងភ្ញៀវទេសចរផងនោះ រាជរដ្ឋាភិបាល បានសម្រេចឲ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគសាងសង់ជាផ្សារទំនើបនេះឡើង ដោយគិតគូរជាពិសេសចំពោះផលប៉ះពាល់ជាមួយអាជីវករលក់ដូនៅក្នុងផ្សារនេះ។

បន្ថែមពីនេះដើម្បីសម្រេចបានផែនការដោយជោគជ័យ លោកស្រី ចាន់ សុទ្ធា អគ្គនាយិកាក្រុមហ៊ុនសេនជូរីគ្រុបបានប្ដេជ្ញាសម្រេចឲ្យបាននូវការអភិវឌ្ឍផ្សារទំនើបមួយនេះ ឲ្យរួចរាល់តាមផែនការ ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍ណែនាំ របស់អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបានថាផ្សារ ទំនើបនេះ ប្រកបដោយសោភណភាព បរិស្ថាន អនាម័យ និងកម្រិតស្តង់ដារអន្តរជាតិ។

សូមជម្រាបផងដែរថាផ្សារទំនើបសេនជូរីផ្លាហ្សានេះ ស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ ដោយប្រើប្រាស់រយៈពេលក្នុងការសាងសង់ ២៤ខែ គិតចាប់ពីថ្ងៃសម្ពោធបើកការដ្ឋាននេះតទៅ ដែលមានកម្ពស់៧ជាន់ ផ្នែកខាងលើ៥ជាន់ និងក្រោមដី២ជាន់។ ក្រោយសាងសង់រួចនឹងបើកឲ្យដំណើរការជាផ្លូវការ ក្រុមហ៊ុននឹងរៀបចំទីតាំងផ្សារសម្រាប់អាជីវករចូលមកលក់ដូរវិញ នៅជាន់ GF-1 ដោយបែងចែកទៅតាមប្រភេទអាជីវកម្មចំនួន៦៧៩តូប ក្នុងនោះ តូបគ្រប់គ្រង ដោយរដ្ឋចំនួន៣៥០តូប និងគ្រប់គ្រងដោយឯកជនចំនួន៣២៩តូប៕

អត្ថបទ៖ លីនី


