មហាសេដ្ឋីបារាំងលោក Bernard Arnault អាចនឹងយកឈ្នះអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Bill Gates និងនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos ក្លាយជាអ្នកមានបំផុតនៅលើពិភពលោក បន្ទាប់ពីបានទិញភាគហ៊ុននៃក្រុមហ៊ុន Tiffany & Co ក្នុងតម្លៃ ១៦,២ ពាន់លានដុល្លារកាលពីថ្ងៃច័ន្ទថ្មីៗនេះ។
យោងតាមបញ្ជី Real-Time Billionaires របស់ទស្សនាវដ្ដី Forbes ពាណិជ្ជករជនជាតិបារាំងរូបនេះបានបន្ថែមប្រាក់ចំនួន ២.៨ ពាន់លានដុល្លារទៅក្នុងទ្រព្យសម្បត្តិរបស់គាត់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដែលធ្វើឲ្យទ្រព្យសម្បត្តិសុទ្ធរបស់គាត់ឈានដល់ចំនួន ១០៧.៦ ពាន់លានដុល្លារអាមេរិកកើនឡើង ២.៧%។ លោក Paul R. La Monica បានរាយការណ៍កាលពីថ្ងៃអង្គារថា ការកើនឡើងថ្មីៗនេះនៅក្នុងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន LVMH អាចជំរុញឲ្យទ្រព្យសម្បត្តិសុទ្ធរបស់ Bernard Arnault ខ្ពស់ជាងមហាសេដ្ឋី Bill Gates និង Jeff Bezos។
គួរបញ្ជាក់ផងដែរថាលោក Bernard Arnault គឺជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន LVMH ដែលជាម្ចាស់ហាងម៉ាកប្រណិតៗរួមមានក្រុមហ៊ុន Louis Vuitton, Christian Dior និង Moet & Chandon។ ភាគហ៊ុនរបស់ក្រុមហ៊ុន LVMH បានកើនឡើងកាលពីថ្ងៃច័ន្ទបន្ទាប់ពីការទិញយកក្រុមហ៊ុន Tiffany & Co ហើយភាគហ៊ុនរបស់ក្រុមហ៊ុនក៏ត្រូវបានលក់ដាច់ខ្ពស់ផងដែរក្នុងអំឡុងពេលប្រជុំអឺរ៉ុបកាលពីថ្ងៃអង្គារនេះ៕

អត្ថបទ៖ លីនី


