កាលពីថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋសភាបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ថវិកាជាតិប្រមាណ ៨.២ ពាន់លានដុល្លារសម្រាប់ការចំណាយឆ្នាំ២០២០ ដែលមានកំណើន ២២% ធៀបទៅនឹងការចំណាយនៃច្បាប់ថវិកាជាតិឆ្នាំ២០១៩។ ជាមួយគ្នានេះដែរថវិកាជាតិឆ្នាំ២០២០ ត្រូវបានចំណាយទៅលើវិស័យសំខាន់ៗទាំង ៤ រួមមាន៖ វិស័យរដ្ឋបាលទូទៅ វិស័យការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ វិស័យសង្គមកិច្ច និងវិស័យសេដ្ឋកិច្ច។
ដោយក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា នឹងទទួលបានថវិកាច្រើនជាងគេដែលមានចំនួនប្រមាណ ៩១៩ លានដុល្លារអាមេរិក បន្ទាប់មកក្រសួងសាធារណៈការ និងដឹកជញ្ជូនប្រមាណ ៧៩១ លានដុល្លារ ក្រសួងការពារជាតិប្រមាណ ៦២៣ លានដុល្លារអាមេរិក ក្រសួងសុខាភិបាលប្រមាណ ៥១៧ លានដុល្លារ និងក្រសួងមហាផ្ទៃ ប្រមាណ ៥១២ លានដុល្លារ។

ជាមួយគ្នានេះដែររាជរដ្ឋាភិបាលបានកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្តសម្រាប់ឆ្នាំ២០២០ ចំនួនប្រមាណ ១.៩ លានដុល្លារអាមេរិក ខណៈដែលកំណើនសេដ្ឋកិច្ចនឹងថយមកនៅត្រឹមតែ ៦.៥% នៅឆ្នាំក្រោយ។ បន្ថែមពីនេះបើតាមការលើកឡើងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថាការខ្ចីនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌករដល់កម្ពុជាទេ។ ទន្ទឹមនឹងនេះឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ថុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថាថវិកាសម្រាប់ឆ្នាំ ២០២០ មានសារៈសំខាន់ណាស់ក្នុងការបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕

អត្ថបទ៖ លីនី


