អាជ្ញាធរទេសចរណ៍ថៃមានបំណងកែលម្អប្រឡាយចាស់ៗនៅទីក្រុងបាងកក ទៅជាតំបន់ថ្មីដើម្បីទាក់ទាញអ្នកទេសចរ
សេដ្ឋកិច្ច November 27, 2019 Chan Sreyny

ក្រសួងទេសចរណ៍ថៃ និងអាជ្ញាធរក្រុងបាងកកមានគោលបំណងកែលម្អប្រឡាយ Khlong Prawet Burirom នៅតាមបណ្ដោយទីក្រុងពីទិសខាងកើតឆ្ពោះទៅអាកាសយានដ្ឋានសុវណ្ណភូមិឲ្យមានភាពល្បីល្បាញ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ដោយកាលពីខែឧសភាក្នុងឆ្នាំនេះប្រឡាយដែលមានអាយុកាលច្រើនជាងគេ King Lord Klong ត្រូវបានកែលម្អឡើងវិញជាមួយទីធ្លាធំទូលាយហើយបានក្លាយជាកន្លែងដើរកំសាន្តថ្មីសម្រាប់អ្នកស្រុក និងភ្ញៀវទេសចរ។

ដោយឡែកប្រឡាយ Khlong Prawet Burirom នឹងប្រឡាយ Khlong Bang Luang កំពុងត្រូវបានគេស្ទង់មតិដើម្បីក្លាយជាតំបន់ទេសចរណ៍ថ្មីសម្រាប់ទីក្រុងបាងកកនៅឆ្នាំក្រោយ។ ដោយការងារទាំងនេះកំពុងត្រូវបានអនុវត្តដោយនាយកដ្ឋានវប្បធម៌កីឡា និងទេសចរណ៍ក្រោមការដឹកនាំរបស់រដ្ឋបាលក្រុងបាងកក។ ទន្ទឹមនឹងនេះនាយកដ្ឋានចរាចរណ៍ និងដឹកជញ្ជូន កំពុងរៀបចំដំណើរកម្សាន្តតាមទូកដោយឥតគិតថ្លៃពីតំបន់ Bang Wa Pier ទៅវត្ត Kamphaeng Bang Chak Pier ក្បែរផ្សារ Khlong Bang Luang នៅចុងសប្តាហ៍និងថ្ងៃឈប់សម្រាកសាធារណៈចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៦ ល្ងាច។

គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះអត្ថបទមួយត្រូវបានបោះពុម្ពផ្សាយដោយលើកឡើងថាប្រទេសថៃគួរតែលើកកម្ពស់វិស័យទេសចរណ៍តាមបណ្តោយប្រឡាយចំនួន ១,៨២៥ នៅក្នុងប្រទេស ខណៈដែលភ្ញៀវទេសចរអន្តរជាតិមានបំណងចង់ធ្វើដំណើរតាមទូកដើម្បីមើលរបៀបរស់នៅបែបប្រពៃណីរបស់ថៃ៕

អត្ថបទ៖ លីនី