ថៃនឹងបើកដំណើរការសេវាអ៉ីនធឺណេតឥតខ្សែ 5G នៅព្រលានយន្តហោះអន្តរជាតិនៅឆ្នាំក្រោយ
សេដ្ឋកិច្ច November 26, 2019 Chan Sreyny

សេវាអ៉ីនធឺណេតឥតខ្សែ 5G នឹងត្រូវដាក់ដំណើរការនៅអាកាសយានដ្ឋានសុវណ្ណភូមិ និងដុនមឿងនៅខែឧសភាឆ្នាំ ២០២០ ដែលជាកន្លែងដំបូងសម្រាប់ប្រើប្រាស់អ៉ីនធឺណេតឥតខ្សែល្បឿនលឿនបំផុតនៅក្នុងប្រទេសថៃ។ យោងតាមគណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិ (NBTC) បានឲ្យដឹងថាខ្លួនគ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នាជាមួយអាកាសយានដ្ឋានថៃនៅថ្ងៃទី២៧ ខែវិច្ឆិកាដើម្បីសហការគ្នាសម្របសម្រួលការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ប្រតិបត្តិករទូរស័ព្ទចល័តដើម្បីដាក់ពង្រាយបណ្តាញ 5G នៅអាកាសយានដ្ឋាន។

ជាមួយគ្នានេះ NBTC បានប្រកាសថាការដេញថ្លៃអាជ្ញាប័ណ្ណវិសាលគម 5G នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២០ ដោយការប្រើប្រាស់សម្រាប់បច្ចេកវិទ្យា 5G នឹងត្រូវបានអភិវឌ្ឍនៅអាកាសយានដ្ឋានទាំងពីរ។ ជាពិសេសប្រតិបត្តិការនៅព្រលានយន្តហោះដោយរាប់ចាប់ពីបច្ចេកវិទ្យាស្កេនមុខ រហូតដល់សន្តិសុខឆ្លាតវៃ ពីឡូជីស្ទិកដល់មន្ទីរពេទ្យឆ្លាត និងផ្នែកដឹកជញ្ជូន។ បន្ថែមពីនេះក្រៅពីអាកាសយានដ្ឋានទាំងពីរប្រតិបត្តិករទូរស័ព្ទចល័តអាចដាក់ពង្រាយបច្ចេកវិទ្យា 5G នៅតាមសាកលវិទ្យាល័យធំៗចំនួន ៤ ដោយសហការជាមួយ NBTC ផងដែរ៕

អត្ថបទ៖ លីនី