កម្ពុជា និងកូរ៉េចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ
សេដ្ឋកិច្ច November 26, 2019 Chan Sreyny

យោងតាមគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដា​របានឲ្យដឹងថារដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេលកិច្ចប្រជុំកពូល រំលឹកខួបអនុស្សាវរីយ៍ទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១។

តាមរយៈការចុះហត្ថលេខាជាមួយកម្ពុជាកូរ៉េបានញ្ចប់ជាស្ថាពរលើការចុះហត្ថលេខាជាមួយប្រទេសមេគង្គទាំង ០៥ រួមមាន៖ កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា។ ដោយកិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងទី៩ ដែលកម្ពុជាបានចុះហត្ថលេខា បន្ទាប់ពីបានចុះហត្ថលេខាជាមួយសាធារណរដ្ឋសិង្ហបុរី ព្រុយណេដារូសាឡឹម សាធារណរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រថៃ សាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋឥណ្ឌូនេស៊ី តំបន់រដ្ឋបាលពិសេសហុងកុងរបស់សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡាស៊ី។

បន្ថែមពីទៅទៀតកិច្ចព្រមព្រៀងនេះគឺជាសមិទ្ធិផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផលសំខាន់ៗជាច្រើនដែលរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាសម្រេចបាន៕

អត្ថបទ៖ លីនី