យោងតាមប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា តាមការប៉ាន់ប្រមាណគ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យប្រទេសកម្ពុជាខាតបង់ថវិការក្នុងមួយឆ្នាំៗជាច្រើនលានដុល្លារ។ ក្នុងនោះជាមធ្យមមានមនុស្សចំនួន ៥ នាក់បានស្លាប់ និង ១១ អ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃ ដែលធ្វើឲ្យរដ្ឋខាតបង់ថវិកាជាតិប្រមាណ ៣៥០លានដុល្លារក្នុងមួយឆ្នាំ ព្រមទាំងបន្សល់ទុកជនពិការទាំងកាយនិងស្មារតី ស្ត្រីមេម៉ាយ កុមារកំព្រា ដែលបណ្ដាលឲ្យងាយធា្លក់ក្នុងអន្ទាក់នៃភាពក្រីក្រ។
ជាមួយគ្នានេះរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា កត្តាដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនលើសលប់ប្រមាណ ៩០% គឺបណ្ដាលមកពីកត្តាមនុស្ស តាមរយៈបើកបរលើសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរជែងដោយខ្វះការប្រុងប្រយ័ត្នជាដើម។ ដោយតួលេខរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថាក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ចំនួន ៣,១៥៩លើក បណ្ដាលឲ្យបាត់បង់ជីវិត ១,៥២១នាក់ និងរបួស ៤,៧២១នាក់ គិតជាមធ្យមគឺ ស្លាប់ជាង៥នាក់ និងរបួស១៧នាក់ក្នុងមួយថ្ងៃ។

ទន្ទឹមនឹងនេះដែរសម្ដេចក្រឡាហោម ស ខេង បានអំពាវនាវឲ្យយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងដោយស្មារតីម្ចាស់ការខ្ពស់ពោល គឺផ្ដោតលើសុវត្ថិភាពចរាចរណ៍ផ្ទាល់ខ្លួន និងអ្នករួមដំណើរ និងត្រូវចងចាំប្រសាសន៍ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។ ខណៈពេលដែលកន្លងទៅកម្ពុជាធ្លាប់ទទួលបានរង្វាន់លើកទឹកចិត្តពីប្រទេសអង់គ្លេស ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្ដែ ២ឆ្នាំមកនេះ បរាជ័យដោយសារគ្រោះថ្នាក់ចរាចរណ៍កើនឡើង។ ដោយសម្ដេចបានអះអាងទៀតថា មូលហេតុចម្បងដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនលើសលប់ ដោយអ្នកបើកបរយានយន្ដ មិនគោរពច្បាប់ចរាចរណ៍ បង្កគ្រោះថ្នាក់ដោយការបើកបរលើសល្បឿនកំណត់៣៧% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្ដាំ១២% វ៉ាជែង៩% បត់៨% ស្រវឹង៦% កត្ដាយានយន្ដ៣% និងងងុយ១%៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន


