សាធារណរដ្ឋកូរ៉េ និងកម្ពុជាចុះហត្ថលេខាចាប់ផ្តើមការសិក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)
សេដ្ឋកិច្ច November 26, 2019 Chan Sreyny

សាធារណរដ្ឋកូរ៉េ និងកម្ពុជាបានព្រមព្រៀងគ្នាធ្វើការសិក្សាលទ្ធភាពរួមស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទេ្វភាគីកម្ពុជា-កូរ៉េ ដើម្បីការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះត្រូវបានគេចាត់ទុកថានឹងជួយពង្រឹង និងពង្រីកទំហំពាណិជ្ជកម្ម​នៃប្រទេសទាំងពីរបន្ថែមទៀត ព្រមទាំងបង្កើតឱកាសការងារក្នុងស្រុក ការនាំចេញទំនិញនិងសេវា ពង្រីកវិនិយោគបន្ថែមដែលនឹងចូលរួមសំខាន់ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

ការចុះហត្ថលេខាព្រមព្រៀងនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ និងលោកជំទាវ យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ ក្រៅពីការចុះហត្ថលេខាឯកឧត្តមរដ្ឋមន្រ្តី បានផ្តោតការពិភាក្សាសំខាន់លើលទ្ធភាពក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដោយបានស្នើសុំឲ្យភាគីកូរ៉េពិនិត្យលទ្ធភាពជួយបង្កើនការបញ្ជារទិញទំនិញបន្ថែមពីកម្ពុជា ព្រមទាំងលើកទឹកចិត្តឲ្យវិនិយោគិនកូរ៉េមកវិនិយោគបន្ថែមទៀតនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថានៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងជាលំដាប់ គឺមានទំហំប្រមាណ ៧៥៦ លានដុល្លាសហរដ្ឋអាមេរិក ដោយកើនឡើងប្រមាណ ១៤.៦៩% បើធៀបនឹងឆ្នាំ២០១៧។ ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាទៅកូរ៉េ រួមមាន អាវយឺត សម្លៀកបំពាក់ ផ្នែកគ្រឿងអេឡិចត្រូនិក ស្បែកជើង វ៉ាលី តង់ និងកៅស៊ូធម្មជាតិ ។ ខណៈដែលទំនិញនាំចូលសំខាន់របស់កម្ពុជាពីកូរ៉េរួមមាន រថយន្ត ក្រណាត់ ទឹករ៉ែធម្មជាតិ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ និងផលិតផលថែរក្សាសម្រស់៕