យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថាចំនួនភ្ញៀវទេសចរចិនដែលទៅកម្សាន្តនៅក្នុងប្រទេសជប៉ុនមានការកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដោយក្នុងឆមាសទី១ នៃឆ្នាំនេះ ចំនួនភ្ញៀវទេសចរចិនកើនឡើង ១១.៧% ស្មើនឹង ៤.៥ លាននាក់បើធៀបនឹងឆ្នាំមុន។ ការកើនឡើងនៃចំនួនទេសចរចិនយ៉ាងគំហុកនេះ ដោយសារប្រជាជនចិន (ដីគោក) មានការព្រួយបារម្ភផ្នែកសន្តិសុខ និងពិបាកក្នុងការទៅកម្សាន្តទាំងហុងកុង និង តៃវ៉ាន់ ដោយសារការតវ៉ាប្រឆាំងរបស់ក្រុមបាតុករហុងកុង។
ខណៈពេលដែលមនុស្សជាច្រើនធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីមើលទីក្រុងដែលមានសភាពអ៊ូអរ និងជាទីក្រុងប្រវត្ដិសាស្ដ្រនោះ ជនជាតិចិនមួយចំនួនទៀតក៏កំពុងកក់កន្លែងពិនិត្យសុខភាព ឬ ស្វែងរកទ្រព្យសម្បត្ដិ និងឱកាសអាជីវកម្មថ្មីៗផងដែរ។ ដែលជាមូលហេតុធ្វើឲ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តជិតស្និតថែមមួយកម្រិតទៀត។

គួរបញ្ជាក់ផងដែរថាប្រទេសជប៉ុន គឺជាទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយបំផុតរបស់ប្រទេសចិន និងមានភ្ញៀវទេសចរណ៍ចិនចំនួន ៨.៣៨ លាននាក់កាលពីឆ្នាំមុនកើនឡើង ១៣.៩% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះយោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថាភ្ញៀវទេសចរចិនបានចំណាយប្រាក់ច្រើនជាង ១.៥ ពាន់លានយ៉េន (៤១៧ ពាន់លានបាត) ក្នុងឆ្នាំ ២០១៨ ដែលស្មើនឹងជិត ៣៤% នៃការចំណាយទាំងអស់របស់ភ្ញៀវបរទេស។ បន្ថែមពីនេះទៅទៀតតាមតួលេខជាក់ស្ដែងនាពេលបច្ចុប្បន្នឧស្សាហកម្មទេសចរណ៍គិតថាតួលេខនេះអាចកើនលើស ១០ លាននាក់នៅដំណាច់ឆ្នាំនេះផងដែរ៕

អត្ថបទ៖ លីនី


