ក្រសួងកសិកម្មមានបំណងនាំចេញផលិតផលត្រចៀកកាំទៅកាន់ទីផ្សារចិនក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីផលិតទាំងនោះឆ្លងកាត់ការវាយតម្លៃរួចរាល់។ នៅក្នុងសិក្ខាសាលាស្ដីពី សំណង់ចុងក្រោយនៃរចនាបថទំនើបផ្ទះអភិរក្សត្រចៀកកាំសម្រាប់អ្នកមានចំណូលមធ្យមឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្មបានចូលរួមជា គណៈអធិបតី។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានមានមតិផ្តាំផ្ញើរទៅដល់សិក្ខាកាមដែលអញ្ជើញចូលរួមឲ្យខិតខំធ្វើយ៉ាងណារៀបចំផ្ទះត្រចៀកកាំឲ្យបានស្អាត មានរបៀបរៀបរយ និងមានអនាម័យ ស្របតាមស្តង់ដារដើម្បីត្រៀមលក្ខណៈក្នុងវាយតម្លៃដើម្បីនាំចេញផលិតផលត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិននៅពេលដ៏ខ្លីខាងមុខ ដើម្បីទទួលបានលទ្ធផលល្អ និងនាំចេញផលិតផលទាំងនោះប្រកបដោយជោគជ័យដែលអាចបង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋបានមួយកម្រិតទៀត។

គួរបញ្ជាក់ផងដែរសិក្ខាសាលានេះត្រូវបារៀបចំឡើងកាលពី ព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមជាគណៈអធិបតី និងមានសិក្ខាកាមចូលរួមប្រមាណ ៨០នាក់ ដែលជាអ្នកចិញ្ចឹមត្រចៀកកាំមកពីបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជាផងដែរ៕

អត្ថបទ៖ លីនី


