ថៃខិតខំកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រហូតធ្វើឲ្យចំណាត់ថ្នាក់ក្នុងនាមជាអ្នកបំពុលសមុទ្រធំជាងគេធ្លាក់ចុះពីលេខរៀងទី​៦ ដល់ទី១០
សេដ្ឋកិច្ច November 25, 2019 Chan Sreyny

ប្រទេសថៃបានស្ថិតក្នុងចំណោមប្រទេសទាំង ២០ ដែលជាអ្នកបំពុលប្លាស្ទិក និងមានប្លាស្ទិកនៅតំបន់សមុទ្រធំជាងគេ ប៉ុន្តែបច្ចុប្បន្នចំណាត់ថ្នាក់នេះត្រូវបានធ្លាក់ចុះរហូតដល់ ៤ ចំណាត់ថ្នាក់ពោលគឺពីលេខរៀងទី៦ មកទី១០ ដោយសារការធ្វើឲ្យប្រសើរឡើងនូវសំណល់ម៉ាសប្លាស្ទិកដែលបានបោះចោល។ ការកែលម្អនេះភាគច្រើនដោយសារការផ្ដួចផ្ដើមគំនិតរបស់រដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងរបស់សាធារណៈជន និងវិស័យ​ឯកជនក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងចានស្នោ នេះបើយោងតាមប្រនសាសន៍របស់លេខាធិការអចិន្រ្តៃយ៍សម្រាប់ធនធានធម្មជាតិ និងបរិស្ថាន។ ‘

ជាមួយគ្នានេះសមាជិកសាជីវកម្មប្រហែល ៥០ នាក់នៃវិស័យឯកជនរួមទាំងផ្សារទំនើប និងហាងលក់ទំនិញមន្ទីរបានឈប់ផ្ដល់ថង់ប្លាស្ទិកក្នុងការប្រើប្រាស់នៅក្នុងហាងរបស់ពួកគេ ដោយអ្នកខ្លះងាកមកប្រើក្រដាស និងជំរុញឲ្យអ្នកទិញឥវ៉ាន់ប្រើប្រាស់កាបូបផ្ទាល់ខ្លួន។ ជាក់ស្ដែងនៅហាង 7 Eleven ទូទាំងប្រទេសថៃនឹងចាប់ផ្ដើមឈប់ប្រើប្រាស់ថង់ប្លាស្ទិកនៅដើមឆ្នាំ ២០២០ ខណៈដែលបច្ចុប្បន្នសាខារបស់ខ្លួនមួយចំនួនបានកំពុងនឹងកាត់បន្ថយជាបណ្ដើរៗ។

គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ ២០១៨ ប្រទេសចំនួន ២០ មានប្រទេសចិនឈរនៅលំដាប់កំពូល (ក្នុងនាមជាអ្នកបំពុលសមុទ្រដោយប្លាស្ទិកអាក្រក់បំផុត) បន្ទាប់មកគឺឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម ស្រីលង្កា ថៃ អេហ្ស៊ីប ម៉ាឡេស៊ី នីហ្សេរីយ៉ា បង់ក្លាដែស អាហ្វ្រិកខាងត្បូងឥណ្ឌា អាល់ហ្សេរី តួកគី ប៉ាគីស្ថាន ប្រេស៊ីល មីយ៉ាន់ម៉ា ម៉ារ៉ុក កូរ៉េខាងជើង និងអាមេរិក៕

អត្ថបទ៖ លីនី