ស្រ្តីអុំទូកទេសចរណ៍នៅតំបន់កំពង់ភ្លុក កំពុងទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឲ្យទៅកម្សាន្តកាន់តែច្រើន
សេដ្ឋកិច្ច November 23, 2019 Chan Sreyny

សហគមន៍ទេសចរណ៍កំពុងភ្លុកជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ រមណីយដ្ឋាននេះស្ថិតនៅតាមមាត់បឹងទន្លេសាប ក្នុងឃុំកំពង់ភ្លុក ដែលមាន០៣ភូមិ រួមមាន៖ ភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានចំងាយប្រមាណ ៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅរាជធានីភ្នំពេញ។ នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាបឹងទន្លេសាប អាហារធម្មជាតិ ព្រៃធម្មជាតិ។

បច្ចុប្បន្នសហគមន៍ទេសចរណ៍នេះកំពុងទាក់ទាញដល់អ្នកទេសចរជាមួយនឹងការទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតាមបឹងទន្លេសាប ទស្សនាផ្ទះសង់ខ្ពស់ៗនៅលើទឹក ទស្សនាភូមិបណ្ដែតទឹក អុំទូកទស្សនាក្នុងភូមិ ទស្សនាព្រៃលិចទឹក និងផ្ដិតយកនូវរូបភាពស្អាតៗ។ ហើយអ្វីដែលកាន់តែពិសេសភ្ញៀវទេសចរទាំងអស់អាចទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយ ជាមួយនឹងភោជនីយដ្ឋានបណ្ដែតទឹក បែចិញ្ចឹមត្រី រួមជាមួយនឹងទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាតនៅលើផ្ទៃបឹង។

ក្រៅពីនេះសហគមន៍ទេសចរណ៍ក៏មានលក្ខណៈពិសេសប្លែកពីគេ ដែលធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិពេញចិត្តបំផុតនោះគឺ សេវាអុំទូកកម្សាន្តក្នុងភូមិមើលទេសភាព និងព្រៃលិចទឹកដែលមានអ្នកអុំទូកស្រ្តីចំនួន ៩៦១ ទូក។ ក្រុមស្រ្តីអុំទូកនេះមិនត្រឹមតែជាអ្នកអុំទូកដ៏ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែទាំងជាមគ្គុទេសក៏ទេសចរដែលអាចពន្យល់រៀបរាប់ដល់ភ្ញៀវអំពីលក្ខណៈស្ថានភាព ធម្មជាតិ ប្រពៃណីទំនៀមទម្លាប់ និងសក្ដានុពលដែលមានក្នុងសហគមន៍ ប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់ សិ្នទ្ធស្នាល ផ្ដល់នូវភាពកក់ក្ដៅ៕

ប្រភព៖ ក្រសួងទេសចរណ៍