ហាងទំនិញ 7 Eleven មួយចំនួននៅប្រទេសថៃនឹងបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិកចាប់ពីច័ន្ទសប្ដាហ៍ក្រោយតទៅ
អាជីវកម្ម November 23, 2019 Chan Sreyny

ហាងទំនិញ 7 Eleven ចំនួន ១៣៧ សាខានៅទូទាំងប្រទេសថៃនឹងឈប់ផ្ដល់ថង់ប្លាស្ទិកដល់អតិថិជនចាប់ពីថ្ងៃច័ន្ទសប្ដាហ៍ក្រោយតទៅ ដែលជាផ្នែកមួយនៃការសាកល្បងមុនពេលការហាមឃាត់ទូទាំងប្រទេសដាក់ចូលជាធរមាននៅដើមឆ្នាំ​ ២០២០។ ទោះបីជាចំនួននេះមានចំនួនតិចតួចក្នុងចំណោមហាងទំនិញ ១០,៣០០​ នៅក្នុងប្រទេសថៃក៏ពិតមែនតែវាជាការចាប់ផ្ដើម ហើយវាជាជំហានដ៏ធំបំផុត ដើម្បីផ្លាស់ប្ដូរទម្លាប់ក្នុងការប្រើប្រាស់ថង់ប្លាស្ទិករបស់ប្រជាជនថៃ។

សាខាដែលនឹងឈប់ផ្តល់ថង់ប្លាស្ទិកនៅសប្តាហ៍ក្រោយនឹងបង្ហាញផ្ទាំងរូបភាពដើម្បីឲ្យអតិថិជនដឹងថា ពួកគេគួរតែយកកាបូបផ្ទាល់ខ្លួននៅពេលទិញទំនិញនៅទីនោះ។ ប្រសិនបើអតិថិជនមិនមានកាបូបផ្ទាល់ខ្លួនទេ ហាង 7 Eleven ក៏លក់កាបូបក្រណាត់ដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យផងដែរ។ ទោះជាយ៉ាងណាក្ដីថង់ប្លាស្ទិកនៅតែបន្តផ្ដល់ជូនសម្រាប់ផលិតផលដូចជា អាហារក្ដៅ ឬ ទឹក ផ្លែឈើ និងសាច់ ប៉ុន្តែនឹងរំលឹកបង្ហាញពីគោលការណ៍ថ្មីនេះនៅក្នុងហាង។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន CP កំពុងសហការជាមួយក្រសួងធនធានធម្មជាតិ និងបរិស្ថាន ជាមួយយុទ្ធនាការ “Go Green, No Plastic Bag” ដោយក្រុមហ៊ុនបានអនុវត្តគោលការណ៍ក្នុងការផ្តល់ថង់ប្លាស្ទិកតិចជាងមុន ចាប់តាំងពីខែសីហាហើយបានបរិច្ចាគប្រាក់ដែលបានសន្សំពីគំនិតផ្ដួចផ្ដើមនេះដល់មន្ទីរពេទ្យនៅទូទាំងប្រទេស៕

អត្ថបទ៖ លីនី