កម្ពុជា និងសិង្ហបុរី គ្រោងរៀបចំមហោស្រពសិល្បៈតាមដងវិថីនាដើមឆ្នាំ២០២០ ដើម្បីអបអរខួប ៥៥ឆ្នាំ នៃចំណងការទូតប្រទេសទាំងពីរ និងជួយលើកស្ទួយវិស័យទេសចរណ៍
សេដ្ឋកិច្ច November 22, 2019 Chan Sreyny

កម្ពុជា និងប្រទេសសិង្ហបុរី គ្រោងរៀបចំមហោស្រពសិល្បៈតាមដងវិថីនាដើមឆ្នាំ២០២០ ក្នុងគោលបំណងដើម្បីអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ចាប់ពីឆ្នាំ១៩៦៥-២០២០ ឱ្យកាន់តែអធិកអធម។ ស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា បានស្នើសុំកិច្ចសហការជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំឲ្យមានព្រឹត្តិការណ៍ដ៏ធំមួយនោះគឺ « មហោស្រពសិល្បៈតាមដងវិថី » នៅរាជធានីភ្នំពេញនាកំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។

ការស្នើសុំកិច្ចសហការនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម តាន់ មីឆាអ៊ែល (Michael Tan) ឯកអគ្គរដ្ឋសិង្ហបុរីប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។ ដោយព្រឹត្តិការណ៍មហោស្រពនោះ នឹងបើកឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ចូលលេងកម្សាន្ត ទស្សនាសិល្បៈចម្រុះ ទទួលទានអាហារនិងភេសជ្ជៈ ជាពិសេសគូគំនូលើជញ្ជាំងដែលគេរៀបចំទុកសម្រាប់គូគំនូ ព្រមទាំងមានកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើន។

ជាមួយគ្នានេះប្រសិនបើការរៀបចំមហោស្រពនេះទទួលបានជោគជ័យ ស្ថានទូតសិង្ហបុរីនឹងបន្តកិច្ចសហការរៀបចំនៅតាមបណ្ដាខេត្តសំខាន់ៗផ្សេងទៀត ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងជាដើម។ យ៉ាងណាមិញឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ពិតជាមានការគាំទ្រយ៉ាងពេញទំហឹងចំពោះបំណងចង់រៀបចំ «មហោស្រពសិល្បៈតាមដងវិថី» ខាងលើនេះ ដោយព្រឹត្តិការណ៍នេះស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងជំរុញឱ្យការរៀបចំ «វិថីម្ហូបអាហារ ឬ Food Street និងម្ហូបអាហារតាមដងវិថី ឬ Street Food» ហើយក៏ជាផលិតផលទេសចរណ៍ដ៏សំខាន់ចាំបាច់ណាស់ក្នុងការទាក់ទាញភ្ញៀវទេសចរពីគោលដៅនានា។

ជាក់ស្ដែងរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញការជឿជាក់ថា ព្រឹត្តិការណ៍ខាងលើនេះក៏នឹងចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត ព្រមទាំងជាមេដែកដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា។ បើតាមការបង្ហើបរបស់ឯកអគ្គរដ្ឋទូតសិង្ហបុរី ក៏នឹងមានក្រុមអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ចូលរួមផ្សព្វផ្សាយពីមហោស្រពនេះផងដែរ៕