សហស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs បានទទួលមរណៈភាពបន្ទាប់ពីតស៊ូជាមួយជំងឺមហារីកលំពែងកាលពីឆ្នាំ ២០១១ ប៉ុន្តែកេរ្តិ៍ដំណែលរបស់គាត់នៅតែមានជីវិតនៅក្រុមហ៊ុន Apple មិនបាត់បង់នោះទេ។ ជាក់ស្ដែងថ្លែងនៅក្នុងសន្និសីទ Salesforce Dreamforce កាលពីថ្ងៃអង្គារនាយកប្រតិបត្តិ Apple លោក Tim Cook បានបង្ហាញសេចក្ដីនឹករលឹកដល់មិត្តភាពរបស់គាត់និងលោក Steve Jobs ហើយថែមទាំងបានចែករំលែកនូវរឿងសំខាន់មួយដែល Jobs បានបង្កើតនៅ Apple និងនៅតែស្ថិតនៅជាមួយក្រុមហ៊ុន។
នៅក្នុងកិច្ចពិភាក្សាលោក Tim Cook បាននិយាយថា៖ « ខ្ញុំពិតជានឹកទម្លាប់សាមញ្ញៗ ដែលគាត់តែងតែធ្វើ ជារៀងរាល់ថ្ងៃគាត់ចាកចេញពីការិយាល័យមុនខ្ញុំ ប៉ុន្តែគាត់បានមកឈប់នៅការិយាល័យរបស់ខ្ញុំមុននឹងចេញទៅ ហើយនៅពេលថ្ងៃគឺយើងតែងតែប្ដូរគំនិតគ្នាទៅវិញទៅមក វាជាមិត្តភាពសាមញ្ញៗដែលខ្ញុំមាន។ អ្វីដែលកាន់តែធ្វើឲ្យខ្ញុំចងចាំមិនអាចបំភ្លេចបានគឺ Jobs ជាមនុស្សតែម្នាក់ដែលអាចធ្វើឲ្យមនុស្សសើចខ្លាំងៗ នៅពេលបិទស្គ្រីបនៅក្នុងវិធីមួយ »។

ជាមួយគ្នានេះការបង្រៀនរបស់លោក Steve Jobs ក៏នៅតែស្ថិតនៅក្នុងក្រុមហ៊ុនដល់សព្វថ្ងៃនេះផងដែរ ដោយលោក Tim Cook បាននិយាយថា៖ « លោក Steve Jobs តែងតែណែនាំឲ្យបង្កើតនៅគំនិតដែលខុសពីគេ ជាគំនិតដែលប្លែក »។ ហើយគំនិតទាំងនោះនៅតែបង្កប់យ៉ាងជ្រៅនៅក្នុង Apple គ្រប់ជំនាន់៕

អត្ថបទ៖ លីនី


