លោក Graham Stephan គឺជាវិនិយោគិនក្នុងវិស័យអចលនទ្រព្យ និងជា Youtuber ដែលអាចរកចំណូលបានជាមធ្យម ៩០,៦៨៤ ដុល្លារក្នុងមួយខែ និងច្រើនជាង ១ លានដុល្លារសម្រាប់ឆ្នាំ ២០១៩ ។ ផ្ដើមចេញពីអ្នករកស៊ីអចលនទ្រព្យ ហើយបានទាញយកទ្រព្យសម្បត្តិយ៉ាងច្រើននៅ Hollywood Hills property ដោយគិតមកត្រឹមខែកញ្ញាឆ្នាំនេះ គាត់រកបានប្រាក់ចំនួន ៧៧,១៥២ ដុល្លារ ជាប្រាក់កម្រៃជើងសារពីការលក់អចលនទ្រព្យ។ ប៉ុន្តែនោះគ្រាន់តែជាចំណែកតូចមួយនៃប្រាក់ចំណូលមួយរបស់គាត់ប៉ុណ្ណោះ ខណៈដែលសេដ្ឋីវ័យ ២៩ ឆ្នាំរូបនេះរកប្រាក់បានយ៉ាងច្រើនពីការធ្វើវីដេអូតាម Youtube ។
សេដ្ឋីវ័យក្មេងដែលកើត និងធំធាត់នៅទីក្រុង Los Angeles រូបនេះមិនដែលនឹកស្រមៃថាគិតចង់រកលុយតាម Youtube នោះទេ គាត់បានចេញរកស៊ីតាំងពីអាយុ ១៨ ឆ្នាំ បន្ទាប់ពីមិនបានចូលរៀននៅសាកលវិទ្យាល័យ ហើយក្លាយជាអ្នករកស៊ីអាជីពដែលអាចរកប្រាក់បានយ៉ាងច្រើន។ ប៉ុន្តែដោយសារចូលចិត្តមើលវីដេអូនៅលើ Youtube អស់ជាច្រើនឆ្នាំ ក៏បានសាកល្បងធ្វើវីដេអូ ដោយប្រហែលជា ៣ ឆ្នាំមុនគាត់សម្រេចចិត្តថត និងបង្ហោះវីដេអូស្ទីលបែប Selfie នៅលើទូរស័ព្របស់គាត់ អំពីវិធីក្លាយជាភ្នាក់ងារអចលនៈទ្រព្យដែលទទួលបានជោគជ័យ។

ដំបូងឡើយគាត់គិតថាមិនមានអ្នកមើលនោះទេ តែសម្រាប់វីដេអូដំបូងរបស់គាត់មានអ្នកចូលមើល ៩ ទៅ ១០ ដង ហើយក៏ចាប់ផ្ដើមធ្វើបន្តប្រហែល ២ វីដេអូក្នុងមួយសប្ដាហ៍ នៅពេលនោះចំនួនអ្នកមើលក៏ផ្ទុះឡើង។ ខណៈដែបច្ចុប្បន្ន្ននេះ Stephan មានអតិថិជនជិត ១.៥ លាននាក់នៅតាមបណ្តាញពីរ។ គាត់រកចំណូលបានជាមធ្យម ៩០,៦៨៤ ដុល្លារក្នុងមួយខែនៅលើវេទិកា និងរកចំណូលបានច្រើនជាង ១ លានដុល្លារសម្រាប់ឆ្នាំ ២០១៩ ជាមួយវីដេអូរបស់គាត់ដែលនិយាយអំពីប្រធានបទជាច្រើនពីវិធីដើម្បីបង្កើតទ្រព្យសម្បត្តិនៅវ័យជំទង់៕


អត្ថបទ៖ លីនី


