ជប៉ុនជួយដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងការផ្លាស់ប្ដូរមុខមាត់ថ្មី នឹងធ្វើឲ្យកម្ពុជាក្លាយទៅជាឃ្លាំងផ្ទុក និងដឹកជញ្ជូនទំនិញដ៏សំខាន់ក្នុងតំបន់អាស៊ាន
សេដ្ឋកិច្ច November 22, 2019 Chan Sreyny

កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងផ្លាស់ប្ដូរមុខមាត់ថ្មី ហើយប្រែក្លាយប្រទេសកម្ពុជាទៅជាឃ្លាំងផ្ទុក និងដឹកជញ្ជូនទំនិញដ៏សំខាន់ក្នុងតំបន់អាស៊ាន ក្រោមការគាំទ្រពីរដ្ឋាភិបាលជប៉ុន នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងនៅក្នុងកិច្ចប្រជុំសមាគមកំពង់ផែអាស៊ានលើកទី៤៥ ។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីបង្កើតជាវេទិកាដោះដូរបទពិសោធន៍ និងមតិយោបល់ទាក់ទងនឹងការអភិវឌ្ឍវិស័យកំពង់ផែ សំដៅឱ្យការអនុវត្តកាន់តែមានភាពប្រសើរឡើង។

ថ្លែងនៅក្នុងកិច្ចប្រជុំឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរ អំពីការធ្វើឲ្យប្រសើរឡើងប្រព័ន្ធដឹកជញ្ជូន ការប្រើប្រាស់ថាមពល និងការតភ្ជាប់ឌីជីថល សេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ការអភិវឌ្ឍផែនការមេជាតិដឹកជញ្ជូន ការអភិវឌ្ឍផែនការមេជាតិកំពង់ផែ និងផែនការមេជាតិភស្តុភារកម្ម ការពង្រីកនិងធ្វើទំនើបកម្មកំពង់ផែសំខាន់ៗ (កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ) ការស្ថាបនាកំពង់ផែភ្នំពេញថ្មី ដែលមានសមត្ថភាពផ្ទុកទូរកុងតឺន័របានរហូតដល់ ៣០០,០០០ ទូរក្នុងមួយឆ្នាំ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា ក្រោមការគាំទ្រពីរដ្ឋាភិបាលជប៉ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលត្រូវបានតភ្ជាប់ជាមួយផ្លូវហាយវ៉េអាស៊ី ផ្លូវដែក និងអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រីក និងធ្វើទំនើបកម្ម ដែលអាចឱ្យកប៉ាល់ធំៗចូលចតបាន។ កំពង់ផែកុងតឺន័រថ្មីនឹងប្រែក្លាយប្រទេសកម្ពុជាទៅជាឃ្លាំងផ្ទុក និងដឹកជញ្ជូនទំនិញដ៏សំខាន់ក្នុងតំបន់អាស៊ាន ជាពិសេសប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យតាមអឡិចត្រូនិកនៅកំពង់ផែត្រូវបានអភិវឌ្ឍផងដែរ។

ជាក់ស្ដែងឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្តែងនូវជំនឿយ៉ាងមុតមាំថា៖ កិច្ចសហប្រតិបត្តិការទាំងនោះគឺជាឱកាសដើម្បីបង្កើតកំពង់ផែយុទ្ធសាស្ត្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលអាចតភ្ជាប់កំពង់ផែធំៗនៅកម្ពុជា និងកំពង់ផែ APA ផ្សេងទៀតទៅកាន់ទីផ្សារដ៏ធំនៅតាមច្រករបៀងផ្លូវសូត្រសមុទ្រ និងទីផ្សារពិភពលោក តាមរយៈការពង្រីកមូលដ្ឋានពាណិជ្ជកម្មយុទ្ធសាស្ត្របន្ថែមទៀត ជាមួយដៃគូពាណិជ្ជកម្មលេចធ្លោរបស់កម្ពុជា។ បន្ថែមពីនេះឯកឧត្ដមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាដែលជាសមាជិកសកម្មមួយ នៃសមាគមកំពង់ផែអាស៊ាន នឹងប្ដេជ្ញារួបរួមគ្នាជាមួយរដ្ឋសមាជិកទាំងអស់នៃសមាគមអាស៊ាន ដើម្បីជំរុញសមាគមនេះឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំនៅក្នុងតំបន់ ក្នុងការអភិវឌ្ឍវិស័យកំពង់ផែ៕