នៅក្នុងពិធីបើកវេទិកាវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាលើកទី២ កាលពីពេលថ្មីៗនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ក្នុងរយៈពេល ០៨ ខែនៃឆ្នាំ ២០១៩ នេះការវិនិយោគលើវិស័យទេសចរណ៍មានការកើនឡើងយ៉ាងគំហុករហូតដល់ ៩៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ ជាមួយគ្នានេះតាំងពីឆ្នាំ ២០១៦ មកដល់ខែសីហាឆ្នាំ ២០១៩ មាន ៨១៣ គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ ២២,៥ ពាន់លានដុល្លារ ក្នុងនោះគម្រោងទេសចរណ៍ និងផ្នែកពាក់ព័ន្ធមានចំនួន ៣៨ គម្រោងដែលមានទុនវិនិយោគប្រមាណជាង ៩ ពាន់លានដុល្លារ នេះបើយោងតាមយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ទន្ទឹមនឹងនេះផងដែរដើម្បីត្រៀមលក្ខណៈទទួលទេសចរអន្តរជាតិ ១៥ លាននាក់នៅឆ្នាំ ២០៣០ រាជរដ្ឋាភិបាលមានគម្រោងកែលម្អផលិតផលទេសចរណ៍ដែលមានស្រាប់ រៀបចំធ្វើពិពិធកម្មផលិតផល និងគោលដៅទេសចរណ៍ថ្មីៗ និងប្លែកៗជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្ម ការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកទេសចរណ៍ដោយផ្ដោតលើជំនាញ។
ជាពិសេស ត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការរៀបចំបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ ទីក្រុងទេសចរណ៍ស្អាត និងបៃតងប្រកបដោយភាពទាក់ទាញ ទេសចរណ៍តំបន់ឆ្នេរ/កោះ មជ្ឈមណ្ឌល វិស្សមកាល និង កីឡាទេសចរណ៍ សួនកំសាន្តកុមារ ទេសចរណ៍សត្វព្រៃ សណ្ឋាគារប្រណីតៗលំដាប់ផ្កាយ៤ ផ្កាយ៥ ភោជនីយដ្ឋាន លំដាប់ខ្ពស់ ផ្សារលក់ទំនិញទំនើបៗ ។ល។ ការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ កំពង់ផែទេសចរណ៍ និងអាកាសយានដ្ឋាននៅតំបន់គោលដៅទេសចរណ៍មួយចំនួន គឺជាមូលដ្ឋានគ្រឹះ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ស្របតាមទស្សនទាន បដិវត្តឧស្សាហកម្ម ៤.០។

ជាងនេះទៀត រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយគោរពយ៉ាងម៉ត់ចត់ដល់បរិស្ថានឆ្នេរ ដោយហេតុថាតំបន់ឆ្នេរសមុទ្រនឹងនាំមកនូវផលប្រយោជន៍គ្រប់បែបយ៉ាងដល់ប្រជាជននៅទីនោះ រាប់ចាប់ពីទេសចរណ៍ កសិកម្ម វិនិយោគ និងវិស័យផ្សេងៗទៀត។ រាជរដ្ឋាភិបាលក៏បានចាត់តាំងបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ ដោយបាននិងកំពុងយកចិត្តទុកដាក់លើគម្រោងអភិវឌ្ឍតំបន់ឆ្នេរ ឆ្នេរ/កោះគំរូ ជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ និងបៃតង ហើយបន្តកិច្ចខិតខំគ្រប់គ្រងឆ្នេរខ្សាច់ អភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងការទទួលខុសត្រូវ។ ដោយក្រសួងទេសចរណ៍ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់កិច្ចសហការ ការសម្របសម្រួល និងជួយជ្រោមជ្រែងដល់វិនិយោគិនទាំងឡាយដែលមានបំណងមកវិនិយោគលើ វិស័យទេសចរណ៍នៅកម្ពុជា៕

ប្រភព៖ ក្រសួងទេសចរណ៍


