មិនយូរទៀតទេ! សហភាពអឺរ៉ុបអាចនឹងផ្អាកការអនុគ្រោះពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា
សេដ្ឋកិច្ច November 20, 2019 Chan Sreyny

ប្រទេស​កម្ពុជាអាចនឹងបាត់បង់ផលប្រយោជន៍ពាណិជ្ជកម្មពីសហភាពអឺរ៉ុបដោយសាររបាយការណ៍សិទ្ធិមនុស្ស និងសេរីភាពនយោបាយ ខណៈពេលដែលកម្ពុជាត្រូវបានព្រមានដោយសហភាពអ៉ឺរ៉ុបចំពោះរឿងនេះ និងទុករយៈពេល ១ ខែដើម្បីឆ្លើយតបទៅនឹងរបាយការណ៍បឋមស្តីពីការផ្អាកការអនុគ្រោះពាណិជ្ជកម្មមុនពេលសហភាពអ៉ឺរ៉ុបសម្រេចចិត្តថាតើត្រូវបន្តជាមួយផែនការ។ រដ្ឋាភិបាលក្រុង Brussels បានព្រមានកម្ពុជាថាខ្លួននឹងបញ្ឈប់ផលប្រយោជន៍ពាណិជ្ជកម្មជុំវិញបញ្ហានេះ។

ប្រទេសកម្ពុជាទទួលបានអត្ថប្រយោជន៍ពីកម្មវិធីពាណិជ្ជកម្មគ្រប់យ៉ាងទាំងអស់លើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុបដែលអនុញ្ញាតឲ្យប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចបំផុតរបស់ពិភពលោកនាំចេញទំនិញភាគច្រើនទៅកាន់សហភាពអឺរ៉ុបដោយមិនគិតថ្លៃពន្ធ។ ខណៈដែលឧស្សាហកម្មកាត់ដេរ គឺវិស័យការងារធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលរកចំណូលបាន ៧ ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ចជារៀងរាល់ឆ្នាំ ហើយសហភាពអឺរ៉ុបមានចំនួនច្រើនជាងមួយភាគបីនៃការនាំចេញសរុបរួមមាន សម្លៀកបំពាក់ ស្បែកជើង និងកង់។

ក្នុងនាមជាវិស័យធំជាងគេរបស់កម្ពុជាឧស្សាហកម្មកាត់ដេរប្រឈមនឹងភាពមិនប្រាកដប្រជាបន្ទាប់ពីសហភាពអឺរ៉ុបបានចាប់ផ្តើមពិចារណារយៈពេល ១៨ ខែចាប់តាំងពីខែកុម្ភៈមក ដែលអាចបញ្ឈប់ការអនុគ្រោះពាណិជ្ជកម្មពិសេសរបស់កម្ពុជា។ ក្នុងពេលដំណាលគ្នានោះសហភាពអឺរ៉ុបក៏បានផ្តោតសំខាន់ទៅលើប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីលើកឡើងពីការព្រួយបារម្ភអំពីសិទ្ធិមនុស្ស និងសិទ្ធិការងារនៅទីនោះ ប៉ុន្តែមិនយូរប៉ុន្មានក៏បានបញ្ឈប់ការចាប់ផ្តើមដំណើរការដើម្បីដកការអនុគ្រោះ EBA នោះវិញ៕

អត្ថបទ៖ លីនី