ការនាំចេញស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើររបស់កម្ពុជាបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះ
សេដ្ឋកិច្ច November 19, 2019 Chan Sreyny

ការនាំចេញស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើររបស់កម្ពុជាបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះ ដោយសារការអនុគ្រោះពន្ធពាណិជ្ជកម្មពីសហរដ្ឋអាមេរិក និងសហគមន៍អ៉ឺរ៉ុប។ ជាក់ស្ដែងក្នុងរយៈពេល ៩ ខែឆ្នាំនេះការនាំចេញទំនិញធ្វើដំណើរឈានដល់ចំនួន ៣៨៥ លានដុល្លារ ដោយឡែកចំពោះការនាំចេញស្បែកជើងយោងតាមទិន្នន័យពីក្រសួងហិរញ្ញវត្ថុបានបង្ហាញថាក្នុងឆ្នាំ ២០១៦ ទំនិញកម្ពុជាបាននាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធមានចំនួន ៥០ លានដុល្លារ តែកាលពីឆ្នាំមុនតួលេខនេះបានកើនឡើងយ៉ាងខ្លាំងដល់ ៤០០ លានដុល្លារអាមេរិក។

ជាមួយគ្នានេះដែរយោងតាមអង្គការពលកម្មអន្តរជាតិប្រទេសកម្ពុជាយើងនៅតែស្ថិតក្នុងចំណោមអ្នកនាំចេញស្បែកជើងធំៗទាំង១០ ដោយការនាំចេញមានតម្លៃជាង ១ ពាន់លានដុល្លារកាលពីឆ្នាំមុនពោល គឺកើនឡើង ១៩% បើធៀបនឹងឆ្នាំ ២០១៧។ ខណៈដែលទីផ្សារនាំចេញស្បែកជើងសំខាន់ៗរបស់កម្ពុជារួមមានសហគមន៍អ៉ឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងកាណាដា។ គួរបញ្ជាក់ផងដែរថាប្រព័ន្ធអនុគ្រោះពន្ធសហអាមេរិកបានដាក់ចូលជាធរមានកាលពីខែកក្កដាឆ្នាំ ២០១៦ ទៅលើផលិតផលទេសចរណ៍ដែលផលិតនៅកម្ពុជាដូចជា វ៉ាលី កាបូបស្ពាយ និងកាបូបដៃ៕

អត្ថបទ៖ លីនី