ការនាំអង្ករចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនកើនឡើង ៤៥% ក្នុងរយៈពេល ១០ ខែនៃឆ្នាំនេះ
សេដ្ឋកិច្ច November 18, 2019 Chan Sreyny

កាលពីពេលថ្មីៗនេះរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់ការនាំចេញអង្ករបានឲ្យដឹងថាប្រទេសចិននៅតែជាអ្នកទិញអង្ករកម្ពុជាច្រើនជាងគេក្នុងអំឡុងពេល ១០ ខែដំបូងនៃឆ្នាំ ២០១៩ នេះ ដោយកម្ពុជាបាននាំចេញអង្ករ ១៨៤,៨៤៤ តោនទៅកាន់ប្រទេសចិន កើនឡើង ៤៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមប្រធាន​សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថាប្រទេសចិនគឺ​ជាទីផ្សារដ៏ធំមួយសម្រាប់អង្ករកម្ពុជា ខណៈដែលការនាំចេញទៅប្រទេសចិនមានចំនួន ៤០% នៃការនាំចេញអង្ករសរុបរបស់កម្ពុជា។ ហើយនៅឆ្នាំនេះកម្ពុជារំពឹងថានឹងនាំចេញអង្ករសរុបឲ្យបាន​ ២៥០,០០០ ទៅកាន់ប្រទេសចិននៅឆ្នាំនេះ ដោយបច្ចុប្បន្នអង្ករកម្ពុជាកំពុងមានប្រជាប្រិយភាពនៅក្នុងប្រទេសចិន ហើយនឹងកាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំខាងមុខទៀត។

ទន្ទឹមនឹងនេះរបាយការណ៍ដដែលក៏បានបង្ហាញផងដែរថា ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ចំណែកទីផ្សារសហភាពអឺរ៉ុបធ្លាក់ចុះពី ៣៤% ។ ជាក់ស្ដែង​ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះកម្ពុជាបាននាំចេញអង្ករសរុប ៤៥៧,៩៤០ តោនទៅកាន់ប្រទេស និងតំបន់ចំនួន ៥៩ កើនឡើង ៥.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ លីនី