ប្រទេសកម្ពុជា – ចិននឹងពិភាក្សាពីលទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីសម្រេចបានទំហំពាណិជ្ជកម្ម ១០ ពាន់លានដុល្លារ
សេដ្ឋកិច្ច November 16, 2019 Chan Sreyny

យោងតាមស្ថានទូតចិននៅទីក្រុងភ្នំពេញបានឲ្យដឹងថាកម្ពុជា និងចិននឹងពិគ្រោះយោបល់ជាផ្លូវការលើកដំបូងស្ដីពីលទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) នៅថ្ងៃទី៣ ខែធ្នូនៅទីក្រុងប៉េកាំង។ កិច្ចពិភាក្សានេះត្រូវបានគេចាត់ទុកថាជាការរៀបចំពិសេសមួយទាក់ទងទៅនឹងចំណងមិត្តភាពរវាងចិន និងកម្ពុជា ខណៈដែលក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានបង្កើតយន្តការទំនាក់ទំនងរួចជាស្រេច ដើម្បីជម្រុញកិច្ចការដែលពាក់ព័ន្ធឲ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធល្អ។

យ៉ាងណាមិញកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិនពិតជាមានសារៈសំខាន់ណាស់ ដោយសារកិច្ចព្រមព្រៀងនេះមានរវាងប្រទេសនានាដូចជា ឥណ្ឌូនេស៊ីនិងជប៉ុន ហ្វីលីពីននិងជប៉ុន ព្រមទាំងសិង្ហបុរីនិងជប៉ុន។ បន្ថែមពីនេះកិច្ចព្រមព្រៀងនេះនឹងផ្ដល់ឱកាសក្នុងការចូលទៅកាន់ទីផ្សារកាន់តែច្រើនរវាងប្រទេសទាំងពីរនិងលើសពីអ្វីដែលមាននៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន។

ទន្ទឹមនឹងនេះដែរនៅក្នុងឆ្នាំ ២០១៨ ពាណិជ្ជកម្មរវាងកម្ពុជា និងចិនឈានដល់ ៧.៤ ពាន់លានដុល្លារ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ១.៣ ពាន់លានដុល្លារទៅកាន់ទីផ្សារប្រទេសចិន ដែលកើនឡើង ៣៧%។ ដោយបច្ចុប្បន្នប្រទេសទាំងពីរមានគោលបំណងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យដល់ ១០ ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នា ២០២៣៕

អត្ថបទ៖ លីនី