រោងចក្រស៊ីម៉ងត៍មួយដែលមានសមត្ថភាពផលិត ១ លានតោនក្នុងមួយឆ្នាំនៅឯខេត្តកំពតភាគនិរតីបានសម្ភោធបើកដំណើរការនៅថ្ងៃទី ១៤ ខែវិច្ឆិកាក្រោមការអញ្ជើញជាអធិបតីរបស់សម្ដេចតេជោ ហ៊ុនសែន ដាក់ឲ្យប្រើប្រាស់ដោយប្រកាសថាប្រទេសកម្ពុជានឹងលែងពឹងផ្អែកលើស៊ីម៉ងត៍ដែលនាំចូលតទៅទៀតហើយ។ រោងចក្រថ្មីនេះ គឺជារោងចក្រស៊ីម៉ងត៍ទី ៥ របស់ប្រទេសកម្ពុជាហើយ ដែលបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់។
ជាមួយគ្នានេះរោងចក្រតម្លៃ ១១០ លានដុល្លារអាមេរិកដែលគ្រប់គ្រងដោយក្រុមហ៊ុនក្នុងស្រុកថៃប៊ុនរ៉ុងនេះ អាចផលិតស៊ីម៉ងត៍បានប្រហែល ២៥០០ តោនក្នុងមួយថ្ងៃស្មើនឹងជិត ១ លានតោនក្នុងមួយឆ្នាំ។ ជាពិសេសបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាលក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។ ដោយរោងចក្រនេះ អាចផ្តល់ការងារអចិន្ត្រៃយ៍ដល់បុគ្គលិកប្រមាណ៣៣៥នាក់ ក្នុងនោះមានជនជាតិបរទេសប្រមាណ ៣៥នាក់។

ក្រៅពីផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរបានជាច្រើននាក់ហើយនោះ ក្រុមហ៊ុនត្រូវបង់ថ្លៃសួសារថ្មកំបោរចូលរដ្ឋប្រមាណ ៦៨ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដោយមិនទាន់គិតប្រាក់ចំណូលពន្ធអាករ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗទៀតនោះឡើយ។ យោងតាមក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានប្រកាសថាការវិនិយោគលើវិស័យសំណង់បានកើនឡើងដល់ ៣ ពាន់លានដុល្លារនៅចុងត្រីមាសទី ២ នៃឆ្នាំនេះបើប្រៀបធៀបនឹងចំនួន ២.១ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨៕



អត្ថបទ៖ លីនី


