ក្នុងរយៈពេល ៩ ខែដំបូងកម្ពុជាទាក់ទាញភ្ញៀវទេសចរចិនរហូតដល់ ១.៨៦ លាននាក់កើនឡើង ២៩.៤%
សេដ្ឋកិច្ច November 16, 2019 Chan Sreyny

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធនេះបានឲ្យដឹងថាប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ១.៨៦ លាននាក់ក្នុងរយៈពេល ៩ ខែឆ្នាំ ២០១៩ កើនឡើង ២៩.៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាក់ស្ដែងនៅក្នុងរបាយការណ៍បានបង្ហាញថាប្រទេសចិននៅតែជាប្រភពភ្ញៀវទេសចរបរទេសធំជាងគេនៅអាស៊ីអាគ្នេយ៍ដែលមានចំនួន ៣៨.៧% នៃចំនួនអ្នកទេសចរបរទេសសរុបចូលមកក្នុងអំឡុងខែមករាដល់កញ្ញាក្នុងឆ្នាំនេះ។

លោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថាប្រទេសចិន គឺជាទីផ្សារដ៏ធំមួយសម្រាប់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសកម្ពុជា ដោយសង្ឃឹមថានៅឆ្នាំ ២០១៩ ប្រទេសកម្ពុជានឹងទាក់ទាញភ្ញៀវទេសចរចិនប្រមាណ ២.៦ លាននាក់ ៣ លាននាក់នៅឆ្នាំ ២០២០ និង ៥ លាននាក់នៅឆ្នាំ ២០២៥ ហើយនិងកើនឡើងដល់ ៨ លាននាក់នៅឆ្នាំ ២០៣០។

ជាមួយគ្នានេះរបាយការណ៍ដដែលបានបង្ហាញថាភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៤.៨១ លាននាក់បានធ្វើដំណើរមកកម្សាន្តប្រទេសកម្ពុជាក្នុងអំឡុងពេល ៩ ខែដំបូងនៃឆ្នាំនេះកើនឡើង ១០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរបញ្ជាក់ផងដែរថាវិស័យទេសចរណ៍គឺជា សសរស្ដម្ភមួយក្នុងចំណោមសសរទាំងបួនដែលគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេស ដោយកាលពីឆ្នាំមុនប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរបរទេសចំនួន ៦.២ លាននាក់ក្នុងនោះជនជាតិចិន ២ លាននាក់ដែលមានប្រាក់ចំណូលសរុបចំនួន ៤.៣៥ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីនី