ទោះបីរកស៊ីខុសគ្នាតែចំណងមិត្តភាពរបស់មហាសេដ្ឋី Bill Gates និង Warren Buffett ផ្ដើមចេញពីអ្វីដែលចាប់អារម្មណ៍ និងគិតថាសំខាន់ដូចគ្នា
បុគ្គលជោគជ័យ November 15, 2019 Chan Sreyny

លោក Warren Buffett គឺជាមហាសេដ្ឋីលំដាប់ពិភពលោកដែលត្រូវបានគេស្គាល់ថាជាសហគ្រិនជោគជ័យបំផុតមួយរូប ហើយមានមនុស្សជាច្រើនដែលចង់ជួប និងពិភាក្សាជាមួយមហាសេដ្ឋីរូបនេះ ដល់ថ្នាក់បង្កើតការដេញថ្លៃសប្បុរសធម៌ប្រចាំឆ្នាំសម្រាប់អាហារថ្ងៃត្រង់ជាមួយគាត់ក្នុងតម្លៃរាប់លានដុល្លារទៀតផង។ ប៉ុន្តែសម្រាប់អតីតនាយកប្រតិបត្តិកក្រុមហ៊ុ​ន Microsoft លោក Bill Gates កាលពីដើមឡើយមិនចូលចិត្ត និងចង់ជួបលោក Warren Buffett នោះទេ ព្រោះគាត់គិតថា អាជីពរបស់ Buffett មិនមានតម្លៃក្នុងការជួយសង្គមនោះទេ ពោលគឺ គិតតែទិញ និងលក់ទាក់ទងនឹងទីផ្សារ។

ប៉ុន្តែក្រោយមក Bill Gates ត្រូវបានបង្ខំចិត្តជួបជាមួយនឹងលោក Buffett នៅពេលដែលឪពុកម្ដាយរបស់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានអញ្ជើញលោក Buffett ទៅទទួលទានអាហារពេលល្ងាចក្នុងដំណើរទស្សនកិច្ចនៅរដ្ឋវ៉ាស៊ីនតោនក្នុងខែកក្កដាឆ្នាំ ១៩៩១។ ក្នុងអំឡុងពេលសន្ទនាអាហារពេលល្ងាច Gates មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលគាត់បានគិតពី Buffett គឺខុសស្រឡះ។ លោក Warren Buffett បានចុចសួរគាត់នូវសំណួរល្អៗ ដែលមិនមាននរណាធ្លាប់សួរគាត់នោះទេ ជាពិសេសអ្វីដែលធ្វើឲ្យ Gates កាន់តែចាប់អារម្មណ៍បំផុតនោះគឺ Buffett បានគិតយ៉ាងច្បាស់អំពីពិភពលោក។

ការជួបជុំនោះបានញ៉ាំងឲ្យមានអ្វីដែលជាចំណងមិត្តភាពជិត ៣ ទសវត្សរវាងមហាសេដ្ឋីទាំងពីរ Bill Gates គឺជាអ្នកមានបំផុតទី២ នៅលើពិភពលោកដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន ១០៩ ពាន់លានដុល្លារដោយមានលោក Buffett ឈរនៅចំណាត់ថ្នាក់ទី៤ នៅលើពិភពលោកក្នុងចំនួនទឹកប្រាក់ ៨៧.៨ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីនី