ពាណិជ្ជកម្មកម្ពុជា និងសហរដ្ឋអាមេរិកឈានដល់ ៤.៣ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែនៃឆ្នាំនេះ
សេដ្ឋកិច្ច November 15, 2019 Chan Sreyny

ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៤.៣ ពាន់លានដុល្លារក្នុងរយៈពេលពីខែមករា ដល់ខែកញ្ញាដែលកើនឡើង ៣៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលដែលបានពិនិត្យឡើងវិញការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ៣៨% ឈានដល់ចំនួន ៣.៩ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីសហរដ្ឋអាមេរិកមានចំនួន ៤០០ លានដុល្លារកើនឡើង ២៤%។

យោងតាមក្រសួងពាណិជ្ជកម្មភាគច្រើនការនាំចេញទៅកាន់សហរដ្ឋអាមេរិករួមមាន វាយនភណ្ឌ ស្បែកជើង ទំនិញសម្រាប់អ្នកដំណើរ និងផលិតផលកសិកម្ម ស្របពេលដែលការនាំចូលយានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីនពីអាមេរិកមកវិញ។ ជាមួយគ្នានេះដែរអគ្គលេខាធិការរងនៃសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានមានប្រសាសន៍ថាពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងមានកំណើនល្អ ដោយទំនិញក្នុងសេវាកម្មនៃការធ្វើដំណើរបានទទួលនូវកំណើនខ្ពស់បំផុត ដោយសារតែទំនិញទាំងនោះមានលទ្ធភាពចូលដោយមិនគិតពន្ធលើទីផ្សារសហរដ្ឋអាមេរិកក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP)។

ដោយឡែកសម្រាប់សម្លៀកបំពាក់ និងស្បែកជើងមានកំណើនតិចតួចដោយសារការប្រកួតប្រជែងខ្លាំងពីវៀតណាម និងមីយ៉ាន់ម៉ា។ ប៉ុន្តែទោះជាយ៉ាងណាក្ដីកាលពីខែកក្កដាឆ្នាំ ២០១៦ កម្ពុជាត្រូវបានផ្ដល់អត្ថប្រយោជន៍ដោយមិនគិតពន្ធសម្រាប់ការនាំចេញទំនិញសម្រាប់ធ្វើដំណើរដូចជា វ៉ាលី កាបូបស្ពាយ កាបូបដៃបុរស និងនារី ទៅកាន់សហរដ្ឋអាមេរិកក្រោម GSP ខណៈដែលបច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតទំនិញធ្វើដំណើរប្រហែល ៧០ កន្លែង។ ទន្ទឹមនឹងនេះកាលពីឆ្នាំមុនពាណិជ្ជកម្មកម្ពុជា និងអាមេរិកសម្រេចបាន ៤.២៦ ពាន់លានដុល្លារកើនឡើង ២៣% បើធៀបនឹងឆ្នាំ ២០១៧ ក្នុងនោះការនាំចេញរបស់កម្ពុជាមានចំនួន ៣.៨ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីនី​